គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំផ្តោតសំខាន់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

AKP សៀមរាប ថ្ងៃទី​​០៣ ខែកញ្ញា ឆ្នាំ២០១៩ -គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយដោយផ្តោតសំខាន់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលកិច្ចប្រជុំនោះបានប្រព្រឺត្តទៅកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តក្រោមការដឹកនាំប្រជុំរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប  ដោយមានការចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ ស្នងការខេត្ត និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ជាច្រើននាក់ទៀត។

អាស្រ័យដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិនៃប្រទេសកម្ពុជា ដែលជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់ជាតិនោះ កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពបានផ្តោតជាសំខាន់ទៅលើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ ក្រៅពីនោះការងារដែលពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិរ៉ែ ព្រៃឈើ ជលផល ចោរកម្ម រួមទាំងអំពើជួញដូរគ្រឿងញៀន និងការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិនោះ និងបទលើ្មសផ្សេងៗទៀតក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ ឯកឧត្តម ទៀ សីហា បានដាក់ចេញនូវបទបញ្ជា និងវិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ ត្រូវគ្រប់គ្រងឱ្យបាននូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។ ត្រូវជំរុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ជាលក្ខណៈបញ្ជាថា គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងឯកភាពទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង និងក្តាប់ឱ្យបាននូវរាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្តាប់ឱ្យបាននូវគ្រប់មុខសញ្ញាដែលមានក្នុងមូលដ្ឋាន ពិសេសនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ដើមី្បបញ្ចៀសនូវការបង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅក្នុងក្រុងប្រវត្តិសាស្ត្ររបស់យើង។ ក្រៅពីការងារសន្តិសុខ សណ្តាប់ធ្នាប់ ឯកឧត្តម ទៀ សីហា ក៏បានជំរុញដល់មន្ទីរសាធារណការ ត្រូវពិនិត្យឡើងវិញ អំពីបញ្ហាផ្លូវថ្នល់ក្នុងក្រុង ដែលបានធ្វើឱ្យ   បណ្តាញសង្គមមួយចំនួនធ្វើការរិះគន់ យ៉ាងខ្លាំង៕

ដោយ ហង្ស សៀក