ឯកឧត្តម សាយ សំអាល់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាលាគោលនយោបាយ សាធារណៈ លី ក្វាន់យូ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ ស្ថាន បានទទួលជួបប្រតិភូសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ដែលមានលោក Louis Low និងលោកស្រី Tiffany Wan ដើម្បីសម្តែងការគួសម និងពិភាក្សាការងារលើគម្រោងសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែប្រសើរ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងកិច្ចពិភាក្សា លោក Louis Low បានបង្ហាញពីការផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា សម្រាប់ការសិក្សានៅសាលាគោលនយោបាយសាធារណៈ នៅប្រទេសសិង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២០។ លើសពីនេះ លោក Louis Low បានបញ្ជាក់ថា សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៅក្នុងឆ្នាំ២០១៩ និង២០២០ បង្កើតវគ្គសិក្សាខ្លីសម្រាប់មន្រ្តីជាន់ខ្ពស់សិក្សានៅប្រទេសសិង្ហបុរី និងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។

ប្រភពខាងលើបន្ថែមថា នៅក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស របស់សាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ ហើយបានចាត់ទុកថា មន្រ្តីរាជការមិនត្រឹមតែចេះបំពេញការងារតាមជំនាញរួចហើយ ក៏ត្រូវចាំបាច់មានការពិចារណាខ្ពស់ និងការយល់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋថែមទៀត ដើម្បីជួយកសាងសង្គម ឱ្យមានការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីរាជការ ចូលរួមពង្រីកសមត្ថភាព និងចំណេះដឹង មិនត្រឹមតែការងារនៅតាមក្រសួង ស្ថាប័ន ឬនៅតាមការិយាល័យនោះទេ ក៏ត្រូវចូលរួមឈ្វេងយល់បន្ថែមពីបរិបទថ្មីៗ របស់សង្គមខាងក្រៅ ទាំងក្នុងប្រទេស និងនៅលើពិភពលោក។

ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យអប់រំជាន់ខ្ពស់ ដូចជា ការអញ្ជើញសាស្រ្តាចារ្យល្បីៗពីសាលាគោលនយោបាយសាធារណៈលី ក្វាន់យូ មកធ្វើបាឋកថាសម្រាប់មន្រ្តីរាជការ ក៏ដូចជាសាស្រ្តាចារ្យ និងនិស្សិតនៅកម្ពុជាផងដែរ។

សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ គឺស្ថិតក្នុងចំណោមសាកលវិទ្យាល័យ និងសាលាដែលល្អបំផុតនៅអាស៊ី និងមានចំណាត់ថ្នាក់ខ្ពស់ដែរ ធៀបនឹងសាលាគោលនយោបាយសាធារណៈ ជុំវិញពិភពលោក៕

ដោយពេជ្រ ណារិទ្ធ