រដ្ឋមន្រ្តីក្រសួងកសិកម្ម ណែនាំដល់និស្សិតដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សានៅ ប្រទេសអ៊ីស្រាអែល ត្រូវខិតខំក្រេបជញ្ជក់លើជំនាញបច្ចេកទេសកសិកម្មទំនើបៗ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានផ្តល់ អនុសាសន៍សំខាន់ៗមួយចំនួនឱ្យនិស្សិតភូមិន្ទកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សា នៅ ប្រទេសអ៊ីស្រាអែលសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ចំនួន១៦៩នាក់  ត្រូវខិតខំសិក្សា រៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់​គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនលើជំនាញបច្ចេកទេសទំនើប (Modern Techno​logy​) បច្ចេកវិទ្យាវៃឆ្លាត (SMART Technology) ដើម្បីរត់ឱ្យទាន់សម័យ កាលឧស្សា ហកម្មទី៤ សម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT) និងសម័យបញ្ញាសិប្បនិមិត្ត AI (Artificial Intelligence)ជាដើម។

ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតភូមិន្ទកសិកម្មជំនាន់ទី១២ នៅសាកល វិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ជាមួយនេះត្រូវគោរពច្បាប់ វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ថែរក្សាបញ្ហាសុខភាពផ្ទាល់​​ខ្លួន និងសុវត្ថិភាពការងារជាចម្បង ដោយមិនត្រូវចូលរួមពាក់ព័ន្ធ រឿងនយោបាយនៅក្នុង ប្រទេសគេទ្បើយ។ ក្នុងវគ្គសិក្សាត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយ មិត្តនិស្សិតអន្តរជាតិទាំងអស់ ដែលរស់នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា។ នេះជាឱកាសដ៏ល្អរបស់ក្មួយៗ ដែលត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍន៍ខ្លួន ដែលក្មួយៗត្រូវប្រឡូក នៅក្នុងសាលារៀន នៃជីវិតជាក់ស្តែងដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគត របស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួម ចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងនាមជាពលរដ្ឋល្អម្នាក់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាន និងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។ ក្រសួងកសិកម្មសូមធ្វើការវាយតម្លៃខ្ពស់ផងដែរ ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសឱ្យដល់និស្សិត យើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ និងមានចំនួននិស្សិតកើនឡើងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់លោក ង៉ោ ប៉ុនថាន សកលវិទ្យាធិកានៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្មបានឱ្យដឹងថា សាកលវិទ្យាល័យបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់ រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១២ឆ្នាំហើយ។ សរុបទាំង ១២ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១០៥៦នាក់។ ក្នុងនោះសម្រាប់វគ្គនេះមាន និស្សិតចំនួន១៦៩នាក់ មកពីសាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្ម កំពង់ចាម  ដែលនឹងត្រូវចេញដំណើរនៅក្នុងខែកញ្ញានេះ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស លក្ខខណ្ឌការងារ ប្រាក់បៀវត្សរ៍ អាហារ ការស្នាក់នៅ និងមុខវិជ្ជាសំខាន់ៗ ដែលតម្រូវឱ្យនិស្សិតរៀនដើម្បីសន្សំក្រេឌីត៕

ដោយ ប៉ាល់ សុង