ក្រសួងពាណិជ្ជកម្ម រៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

AKP ភំ្នពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្រ្ដពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែល​កំពុងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការ​ផ្សាយ​របស់ក្រសួងពាណិជ្ជកម្ម។ក្នុងពិធីបើកកិច្ចប្រជុំ ពិនិត្យ និងផ្ដល់សុពលភាពលើឯកសារទស្សនទានយុទ្ធសាស្ត្រ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា ការវិវឌ្ឍន៍ដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវ កាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាម​ទារ​ឱ្យមានការគិតគូរច្បាស់លាស់ លើ ការប្រព្រឹត្តទៅនៃការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។ លោកជំទាវបាន​បញ្ជាក់​ថា ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ ដែលតម្រូវឱ្យមានការពិនិត្យ និងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍​ឧស្សាហកម្មទី៤។

លោកជំទាវបន្តថា ការរៀបចំនេះ គឺជាកិច្ចឆ្លើយតប និងចូលរួមវិភាគទាន​ទៅលើការសម្រេចបាននូវគោលដៅអាទិភាពទាំងនោះ ក្រសួងពាណិជ្ជកម្មបានសម្រេចចិត្ត​ធ្វើការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយ​ច្បាស់លាស់ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ លោក​ជំទាវរដ្ឋលេខាធិការបានបន្ដទៀតថា ការរៀបចំយុទ្ធសាស្ត្រនេះ ក៏ជាតម្រូវការដ៏សំខាន់ និង​ឆ្លើយតបទៅនឹងអនុសាសន៍មួយចំនួនទៀត នៅក្នុងឯកសារ និងយុទ្ធសាស្ត្រផ្សេងៗ ដូចជា ឯកសារ Cambodia eTrade Readiness Assessment ដែលបានរៀបចំឡើងដោយអង្គការ UNCTAD នៅឆ្នាំ២០១៧ និងថ្មីៗនេះ នៅក្នុងយុទ្ធសាស្ត្រ​សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាពិសេសជំពូកទី១១ ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក និងជំពូកទី១២ ស្ដីពី​សេដ្ឋ​កិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារ​មួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​វិស័យនេះ ដែលវិស័យឯកជនជាចលករមួយយ៉ាងសំខាន់ សំដៅជំរុញដល់ការប្រព្រឹត្ត​ទៅនៃ​ការធ្វើពាណិជ្ជកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

លោកជំទាវបានបន្ថែមថា ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការជិតសម្រេចបាននូវ​ច្បាប់ស្ដីពី​ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក បានឆ្លងផុតកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភារួចហើយ នឹងត្រូវ​បញ្ជូនបន្តដើម្បីស្នើសុំការអនុម័តដោយរដ្ឋសភាក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ដោយ ឡុង ស៊ីវ៉ាន