ក្រុមប្រតិភូកីឡាតេក្វាន់ដូ ITF ទទួលបានការលើកទឹកចិត្តដង្ហែក្បួនក្រោយពីឈ្នះ មេដាយ៥វិញ្ញាសាពីជើងឯកពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមប្រតិភូកីឡាករកីឡាការិនីតេក្វាន់ដូ ITF កម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេស​របស់ខ្លួនវិញហើយ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីដណ្ដើមបាន មេដាយ៥​វិញ្ញាសា​ពីការប្រកួតកីឡាតេ ក្វាន់ដូ ITF ជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេស ប៊ុលហ្គារី កន្លងទៅថ្មីៗនេះ។ក្រុមប្រតិភូកីឡាករ កីឡាការិនីតេក្វាន់ដូITFកម្ពុជា ទទួលបានការលើកទឹកចិត្ត តាម​រយៈពិធីដង្ហែក្បួន យ៉ាងអធិកអធមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មកក្នុង​រាជធានី​ភ្នំពេញ និងបញ្ចប់ពិធីក្បួននៅក្រសួងអប់រំ យុវជន និងកីឡា ដោយលោកជំទាវ គីម សេដ្ឋានី រដ្ឋ​លេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលផ្តល់ការ ស្វាគមន៍​យ៉ាងកក់ក្តៅប្រកបដោយក្ដីរីករាយអបអរសាទរនូវលទ្ធផលគួរជាទីមោទនៈ ដែល​កម្ពុជា​ទទួល​បានមេដាយកម្រិតពិភពលោកមកជូនជាតិមាតុភូមិរបស់ខ្លួន។
ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមបានពីព្រឹត្តិ​ការណ៍​ជើងឯក ពិភពលោកនេះ រួមមាន៖ មេដាយមាស១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជន កម្រិត៥ដាន់ និងមេដាយប្រាក់២ វិញ្ញាសា ដណ្ដើមបាន​លើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់៤៥គីឡូក្រាម ដោយ កីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសា​សម្ដែងពិសេស៦នាក់។ រីឯមេដាយសំរឹទ្ធិ ដណ្ដើមបាន២វិញ្ញាសាលើ វិញ្ញាសាសម្ដែង​បុរសជា​ក្រុម​៤នាក់ និងវិញ្ញាសាបំបែកក្ដារអាយុ៤០ ដល់ ៤៩ឆ្នាំឯកត្តជន។ ក្រៅពីមេដាយទាំង ៥វិញ្ញាសានេះ តេក្វាន់ដូI TF កម្ពុជា ក៏ទទួលបានកិត្តិយសដ៏ធំធេងផដែរ ក្នុងនោះឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភព លោកបោះឆ្នោតគាំទ្រឯកឧត្តម កែវ រ៉េមី ធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក និងលោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ទទួលបានត្រូវប្រគល់ សញ្ញាប័ត្របញ្ជាក់ខ្សែក្រវាត់៧ដាន់ពីគណៈកម្មការអន្ដរជាតិមួយនេះផង ដែរ។

សូមបញ្ជាក់ថា តេក្វាន់ដូ ITF កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១៧នាក់ ក្នុងនោះកីឡា​ការិនី២នាក់ ដោយឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន៥វិញ្ញាសា ពីក្នុងវិញ្ញាសាក្នុង​ព្រឹត្តិកា​រណ៍ជើងឯកពិភពលោក​ សរុបចំនួន១០០វិញ្ញាសា ដែលមានប្រទេសចូលរួមចំនួន៧៤ និងមានអត្តពលិកសរុប ១៤១២ នាក់៕

ដោយ ហេង ណាលីន