ក្រសួងសាធារណការ ប្រកាសថា នឹងដាក់លក់លេខរថយន្តពិសេសផ្ទាល់ខ្លួន​នៅអំឡុង៣ខែខាង​មុខទៀត

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា នឹងដាក់លក់លេខពិសេសផ្ទាល់ខ្លួន​នៅក្នុង​​រយៈពេល៣ខែខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​សាធារណ ការ​ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី០២កញ្ញាឆ្នាំ២០១៩នេះ។ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា យោងអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ​សម្គាល់យានជំនិះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលមានលេខ ឬ/និងអក្សរឡាតាំងមិនលើសពី៨ (ប្រាំបី)ខ្ទង់ ដើម្បីបំពេញតម្រូវ ការរបស់​ម្ចាស់យានជំនិះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួន​ជា​ស្រេច សម្រាប់ការដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គណៈកម្មការអន្តរក្រសួង​ដើម្បីគ្រប់​គ្រង​ការលក់លេខចុះបញ្ជីរថយន្តគ្រសារ និងរថយន្តធុនស្រាលបានសិក្សា​និង​ដក​ស្រង់បទ​ពិសោធន៍អំពីការងារគ្រប់គ្រងការលក់លេខចុះបញ្ជីយានយន្តតាមប្រព័ន្ធបច្ចេកវិទ្យានិងទទួល​ ​យកបទពិសោធន៍ពីបណ្តាប្រទេសនានានៅក្នុងតំបន់រួមមាន ព្រះរាជាណាចក្រថៃ ទីក្រុងហុង​កុង នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសសិង្ហបុរី។

ក្នុងសេចក្ដីជូនដំណឹងបន្ដទៀតថា បន្ទាប់ពីទទួលបានបទពិសោធន៍ទាំងនេះ ក្រសួង​មាន ជំនឿចិត្តយ៉ាងមុតមាំថា ការអនុវត្តការងារលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន​នាពេល​ខាងមុខនេះ នឹងទទួលបាននូវប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួង​ក៏នឹងដាក់​ឱ្យ​ដំណើរ ការនូវប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅអំឡុងពេល៣ខែ ខាងមុខនេះ ដោយនឹងធ្វើការជូនដំណឹងជាមុនយ៉ាងតិច១ខែ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ​នៅ​​ទូទាំងប្រទេស៕

ដោយ ប៊ុនរិទ្ធ