យុវជនអគ្គនាយកដ្ឋានគយ នាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់

AKP រតនគិរី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ -នៅសាលាស្រុកលំផាត់កាលពីថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមយុវជនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៥០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ក្រោមអធិបតីភាពលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី ។

លោក ហាក់ សុទ្ធា ប្រធានយុវជនអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលបានដឹកនាំក្រុមយុវជននាំយកអំណោយជាស្បៀងអាហារ មកចែកជូននាពេលនេះមានប្រសាសន៍ថា ដោយមើលឃើញពុកម៉ែ បងប្អូនប្រជាពលរដ្ឋ កំពុងជួបទុក្ខលំបាកដោយគ្រោះធម្មជាតិទឹកជំនន់ក្នុង នៅស្រុកលំផាត់ ខេត្តរតនគិរី ទើបក្រុមយុវជនអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជានាំយកអំណោយជាស្បៀងអាហារ ដើម្បិរួមចំណែកជាមួយអាជ្ញាធរខេត្ត ជួយសម្រួលការលំបាករបស់ពុកម៉ែ បងប្អូនដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមកនេះ។  ប្រធានក្រុមយុវជនរូបនេះបន្តថា ថ្វីត្បិតអំណោយទាំងនេះមិនអាចឆ្លើយតបនូវតម្រូវការរបស់បងប្អូនបានរយៈពេលវែងក៏ពិតមែន តែយ៉ាងហោចណាស់អាចជួលសម្រាលបន្ទុករបស់បងប្អូនបានមួយរយៈពេលផងដែរ។

លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមកនេះ។ ទឹកចិត្តនិងកាយវិការនេះបានបង្ហាញឱ្យឃើញពីភាពសប្បុរសធម៌ របស់ប្រជាជនកម្ពុជាយើងដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវសិល្បៈ នៃការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន ដោយយើងទាំងអស់គ្នាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ មិនមានអាហារបរិភោគដោយយើងមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ក្នុងនាមយើងជាមហាគ្រួសារខ្មែរតែមួយ។

អំណោយដែលក្រុមយុវជនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យកមកចែកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ,ប៊ីចេង ១កញ្ចប់,មុង១ ,ប្រេងឆា ១ដប, ភួយ១, ប្រេងកូឡា ២ប្រអប់, អំបិលគ្រួស២គីឡូក្រាម, មី ២កេសតូច, អំបិលម៉ត់១គីឡូ ក្រាម, ទឹកត្រី ៦ដប, ស្កសរ ២គីឡូក្រាម  កាធុនអ៊ីណុក ១ និងថវិកា៤ម៉ឺនរៀលផងដែរ៕

ដោយ:ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)