អភិបាលខេត្តបន្ទាយមានជ័យរម្លឹកសិស្សានុសិស្សត្រូវខិតខំព្យាយាមរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ​និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក

AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម ​អ៊ុំ រាត្រី បានធ្វើការ​ក្រើនរម្លឹកដល់សិស្សានុ​សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យបានពូកែ និងត្រូវចៀសឱ្យឆ្ងាយពី​គ្រឿងញៀនព្រមទាំងត្រូវចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ឱ្យបាន​គ្រប់ៗគ្នា។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញ​​ជួបសំណេះសំណាល ចែកអំណោយ សម្ភារសិក្សា ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ​ និង លោកតាលោកយាយ ប្រជាពលរដ្ឋ ​ ​​នៅសាលាបឋមសិក្សាប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស យ៉ាង ច្រើនកុះ​ករបានចូលរួមនោះ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែល​​មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិយើងមាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំមានការរីកចម្រើនយ៉ាង ខ្លាំងដោយសាលារៀន ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់កសាង នៅគ្រប់ទីកន្លែង​រហូតដល់តំបន់ជនបទដាច់ស្រយាល ដើម្បីបំពេញតម្រូវការរៀនសូត្ររបស់ក្មួយៗសិស្សានុ​សិស្ស។​

ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះក្មួយៗ សិស្សានុសិស្ស មានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ ចាប់ពីថ្នាក់តម្រិតទាបរហូត ដល់ថ្នាក់ឧត្តមសិក្សា ដែលវាខុសគ្នាឆ្ងាយណាស់ ពីយុវជនសម័យមុន និងក្នុងសម័យសង្គ្រាម ដែលមិន​មានលទ្ធភាពទៅរៀនសូត្របានវែងឆ្ងាយនោះឡើយ។​

​ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ​​។ ​ត្រូវ ចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ហើយត្រូវចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យ​បានខ្ជាប់ខ្ជួន។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូអ្នក គ្រូ​បង្រៀនទាំងអស់​ ដែលបានខិតខំលះបង់កម្លាំងកាយ​ ប្រាជ្ញា ស្មារតីបង្ហាត់បង្រៀនសិស្ស ទទួល បានចំណេះដឹង ជំនាញសីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង។ ជាមួយគ្នានេះ ការ ចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំង អស់ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំ​ ឱ្យមាន ដំណើរការយ៉ាងរលូន និង ទទួលបានជោគជ័យគួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះផងដែរ៕

ដោយឈុន សារ៉ាត

​​