សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគិរីមានជ័យ

AKP ត្បូងឃ្មុំ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ — ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា​ បន្ទាប់ពីកម្មវិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១.៧៧១គ្រួសារ នៅក្នុងស្រុកចំនួន ៥ នៃខេត្តត្បូងឃ្មុំរួចមក នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានជាច្រើន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តគិរីមានជ័យ (ហៅវត្តពន្លាក) ស្ថិតនៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបានបន្តឱ្យដឹងថា ទេយ្យទានប្រគេនវត្តរួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៣០០កំប៉ុង សាច់ក្រក ១០គីឡូក្រាម ត្រីងៀត ១០គីឡូក្រាម ស្ករស ១០គីឡូ ក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស និងថវិកា ៥លានរៀល។

ដោយឡែកសម្រាប់ប្រគេនព្រះចៅអធិការវត្ត មាន សាដក១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ១៣អង្គ ក្នុង១អង្គៗទទួលបាន សាដក១ និងបច្ច័យ ១០ម៉ឺនរៀល។ ជូនយាយជី តាជី​ ៣១នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងឱកាសនោះដែរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេន​បច្ច័យរបស់គណៈប្រតិភូអមដំណើរចំនួន​ ២.០០០ដុល្លារអាម៉េរិក​ និង​ ១៦លានរៀល​ ក្នុងនោះថវិកាផ្ទាល់របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន​ ៥លានរៀល ផងដែរ ៕

ដោយ អ៊ុក សាផាន (ប្រភព និងរូបថតៈ កាកបាទក្រហមកម្ពុជា)