បទវិចារណកថា ​​​​​៖ ទាំងអស់គ្នា! សូមប្រុងប្រយ័ត្នព្យុះ និងភ្លៀងកំពុងតែកើតមានជាបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី​៣១​ ខែសីហា ឆ្នាំ​២០១៩ —

ការិយាល័យព័ត៌មានយើងខ្ញុំសង្ឃឹម និងជឿជាក់ថា ស្ថាប័នជំនាញនៅក្រោមរាជរដ្ឋាភិបាល​កម្ពុជា ដោយរួមទាំងអាជ្ញាធរ​មូលដ្ឋានប្រាកដជាបានដឹង និងទទួលព័ត៌មានពីស្ថានភាព​អាកាសធាតុនៅក្នុងប្រទេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និងទៅថ្ងៃខាងមុខរួចហើយ ដូច្នេះស្ថាប័នទាំងនោះក៏បានត្រៀម និងបម្រុងធនធាន សម្ភារ ក៏ដូចជាមធ្យោបាយនៅក្នុងការ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិនានា ដែលអាចកើតចេញពីស្ថានភាពអាកាសធាតុនេះរួចរាល់​ហើយដែរ ប៉ុន្តែចុះបងប្អូនប្រជាពលរដ្ឋ ជាអ្នកសុ្រកភូមិ អ្នកធ្វើដំណើរ អ្នកទេសចរ អ្នករកស៊ី ឆ្លងខេត្ត ឆ្លងស្រុក … មានបានត្រៀមខ្លួនរួចហើយនៅ?

តាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់បាន ឲ្យដឹងថា បន្ទាប់ពីព្យុះទី១២ ឈ្មោះប៉ូដុល ឡើងគោក នៅក្បែរក្រុងហាណូយ​ ប្រទេស​វៀត​ណាម និងបន្តដំណើរក្នុងកម្រិតជាវិសម្ពាធពេលទៅក្រុងវៀងច័ន្ទ នៃ​ប្រទេសឡាវ វាបាន និងកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើ និង​ក្នុងប្រទេសកម្ពុជា ហើយទន្ទឹម​នឹង​នេះ តំបន់ទាំងនោះ រួមនឺង កម្ពុជាផ្ទាល់ក៏អាចនឹងទទួលរងនូវឥទ្ធិពលអាកាធាតុ ដែល​អាចកើតមានព្យុះទី១៣មួយទៀត ដែលមានដំណើរ​តាម​គន្លងព្យុះទី១២នេះផងដែរ។

អ្នកជំនាញខាងអាកាសធាតុនៅកម្ពុជាបានបង្ហើបប្រាប់អ្នកសារព័ត៌មានជាបន្តបន្ទាប់ថា ព្យុះ​ទី១២​ ​ឈ្មោះប៉ូដុល​ បានវិវត្តលឿនជាង​ការរំពឹងទុករយៈពេល៦ម៉ោង ហើយត្រូវគេព្យាករណ៍​ថា នឹងរលាយនាយប់​ថ្ងៃទី៣០ ខែសីហានេះ ប៉ុន្តែវានឹង​បង្កធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅ​កម្ពុជា ​ចាប់ពីភ្នំពេញរហូតទៅ​ដល់តំបន់ខ្ពង់រាបភាគខាងជើងប្រទេស ជាពិសេសតំបន់មាត់​សមុទ្រ។ នៅក្នុង​ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន ដូចជានៅខេត្តរតនគីរី រហូតដល់កម្រិត​ជាង២០០មីលី​ម៉ែត្រ ដោយសារប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ប្រព័ន្ធសម្ពាធទាប។ ភ្លៀងធ្លា​ក់​​ដល់កម្រិតច្រើនជាង២០០មីលីម៉ែត្រនៅដើមថ្ងៃទី២៩ ខែសីហាកន្លងទៅ​នេះ   នាំឱ្យមានជំ​នន់ទឹកភ្លៀង​កើតឡើងនៅផ្នែកខ្លះ នៃស្រុកលំ​ផាត់ ក្នុងខេត្តរតនគីរី   តែពេលរ​សៀល​ទឹកបានស្រកទៅ​វិញ។ ប៉ុន្តែសូមកុំអាលអរណាបងប្អូន អ្នកជំនាញក៏បានព្រមានថានៅក្នុង​សមុទ្រប៉ាស៊ីហ្វិកខាង​កើត ​ប្រទេសហ្វីលីពីនពេលនេះ មានសម្ពាធទាបសកម្ម​មួយដែលអាចនឹងវិវត្តទៅ​ជាព្យុះ​ទី១៣ ​​ហើយមានដំណើរតាមគន្លងព្យុះទី១២  ​ធ្វើ​ឱ្យមានភ្លៀងធ្លាក់ច្រើនថែមមកទៀតនៅ​តំបន់​អាងទន្លេមេគង្គលើ និងធ្វើឱ្យទឹក​ទន្លេនេះក្នុងប្រទេសកម្ពុជា​អាចនឹងឡើងដល់កម្ពស់ត្រូវ​ប្រកាស​ឱ្យមានការប្រុង​ប្រយ័ត្ននៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។

កម្រិតទឹកនៅស្ថានីយជលសាស្ត្រស្ទឹងត្រែ​​ង​ ទឹកអាច​នឹងហក់ឡើងដល់​កម្ពស់៩,៥០ម៉ែត្រ​ខណៈ​ដែលកម្រិតត្រូវប្រុងប្រយ័ត្ន គឺ ១០,៧០ម៉ែត្រ។ ​នៅស្ថានីយ៍ជលសាស្ត្រក្រចេះ ទឹក​នឹង​អាចឡើងដល់កម្ពស់១៩,៥០ម៉ែត្រ   កម្រិតត្រូវ​ប្រុងប្រយ័ត្ន គឺនៅកម្ពស់​២២ម៉ែត្រ។​នៅស្ថានីយ​ជលសាស្ត្រកំពង់ចាម ទឹកអាច​នឹងឡើងដល់កម្ពស់១២ម៉ែត្រ   ហើយកម្រិតត្រូវប្រុងប្រយ័ត្ន គឺ ១៥ម៉ែត្រ។  កម្រិតទឹកនៅ​ស្ថានីយជលសាស្ត្រភ្នំពេញ ចតុមុខ     ទឹកអាចនឹងឡើង​ដល់​កម្ពស់​៧,៥០​ម៉ែត្រ​ ខណៈដែលកម្រិតត្រូវប្រុងប្រយ័ត្ន គឺនៅកម្ពស់១០,៥០ម៉ែត្រ។

បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមទាំងនេះ កម្រិតទឹកទន្លេ​មេគង្គនៅកម្ពុជា គឺមិនទាន់ដល់សភាពដែលត្រូវប្រកាសអាសន្តនៅឡើយទេ ប៉ុន្តែក៏មិនអាច​នឹង​មើលស្រាយ​បាន​ដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ន ហើយក្រៅពីបងប្អូនប្រជា​ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គចេញ​ បងប្អូនដែលស្ថិតនៅក្នុងតំបន់ដែលរងនូវផ្ទៃទឹក ភ្លៀងខ្លាំង ក៏សូមប្រុងប្រយ័ត្នដែរ ជាពិសេសបងប្អូនតាមបណ្តោយខ្សែទឹកដែលហូរពីតំបន់ភ្នំ និងខ្ពង់រាប ជាពិសេសតំបន់ដែលមានការអភិវឌ្ឍទំនប់វារីអគ្គីសនី ពីព្រោះតំបន់ទាំងនោះ អាចនឹងមានការបើកទ្វារទឹកបញ្ចេញទឹកដែលលើស ដើម្បីការពារការបាក់ទំនប់។​

ក្រៅពីទឹកជំនន់ហើយនោះ បងប្អូនក៏ត្រូវតែប្រយ័ត្នមួយទៀត គឺបញ្ហាគ្រោះបាក់ដី ។ គ្រោះ​ធម្ម​ជាតិ​នេះ ថ្វីត្បិតតែមិនធ្លាប់កើតមាន និងបង្កជាគ្រោះមហន្តរាយធំដុំនៅកម្ពុជាយើង ប៉ុន្តែក៏មិន​គួរមើលស្រាលដែរ ពីព្រោះស្ថានភាពអាកាសធាតុនៅពេលនេះ គឺពិតជាបង្កឲ្យមានភ្លៀង ជោគជាំនៅកន្លែងភាគច្រើននៅទូទាំងប្រទេស ហើយគេព្យាករណ៍ថា ច្រើននៅតំបន់ភ្នំ និង ខ្ពង់រាបថែមទៀត ។

អ្នកបើកបរក៏ដូចជាអ្នកដែលធ្វើដំណើរផងដែរ គឺត្រូវតែប្រយ័ត្នប្រយែង ពោលគឺត្រូវត្រៀមអាវ ភ្លៀង ឆ័ត្រ ឫ សំពត់តង់កៅស៊ូ ដើម្បីបង្ការការទទឹក រងារញ័រញាក់បង្កើតជាជំងឺផ្សេងៗ ឬ ក៏​អាចនឹងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ក៏ថាបាន ។ សូមកុំមើលស្រាលស្ថានភាពអាកាស​ធាតុ លោកអ្នកនឹងអាចជួបគ្រោះដោយចៃដន្យណាមួយ នៅពេលដែលកំពុងតែធ្វើដំណើរ ពេលដែលមានភ្លៀងធ្លាក់។ គ្រោះថ្នាក់ដែលអាចកើតមាននៅពេលដែលកំពុងតែភ្លៀង និង ក្រោយពេលភ្លៀង គឺអាចមានដូចជា ការរអិល ការគ្រប់គ្រងការ​បើកបរ​មិនបាន ការចាប់ហ្រ្វាំងមិនស៊ី ការមើលមិនឃើញបានឆ្ងាយ អាចមានដើមឈើរបាក់​រលំសង្កត់់ ឬ រារាំងផ្លូវពេលកំពុងធ្វើដំណើរ …។ល។ ការបើកបរនៅពេលដែលមាន​ភ្លៀងធ្លាក់នេះ គឺត្រូវតែប្រុងប្រយ័ត្នថែមមួយជាពីរ ពីព្រោះគ្រោះថ្នាក់ចៃដន្យច្រើន នឹងអាច​កើត​មាន រាប់តាំងពីទឹកជំនន់ហូរកាត់ផ្លូវ និងស្ពាននានា ផងដែរ ។

សរុបមកវិញ យើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ ហើយដើម្បីបង្ការ និងការពារខ្លួន យើងម្នាក់​ៗ​គួរតែចេះរៀនតាមដានព័ត៌មានអាកាសធាតុ ពីព្រោះវាអាចជួយយើងនៅក្នុងការបង្កើនការប្រុង​​ប្រយ័ត្ន ក៏ដូចជា ឲ្យយើងដឹងអំពីអ្វីដែលនឹងកើតមាន សម្រាប់យើងបង្ការ និងបញ្ចៀស​គ្រោះ​ថ្នាក់ដោយប្រកាសណាមួយ ។ យើងខ្ញុំដឹងថា នៅពេលនេះអាជ្ញាធរនានា គឺសុទ្ធតែ​ត្រៀម​ហើយ ប៉ុន្តែយើងជាប្រជាពលរដ្ឋក៏ត្រូវតែត្រៀមខ្លួនយើងផងដែរ ។ ពេលដែលមានគ្រោះថ្នាក់​កើតមានឡើង យើងខ្ញុំគិតថា គ្មាននរណាម្នាក់អាចជួយយើងបានមុនគេ និងបន្ទាន់ លើសពីខ្លួន​យើងនោះទេ។

ដោយ​ ហេង បញ្ញា