ឯកឧត្តម វ៉ា ថន និងលោកជំទាវអញ្ជើញបិទមហោស្រពសិល្ប: ចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្ប: ចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ ២០១៩ កាលពីរសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។ពិធីនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកមុខអ្នកការជាច្រើនផងដែរ ។                                   

លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត បានឱ្យដឹងថា ការរៀបចំមហោស្រពសិល្បៈប្រឡងចម្រៀងនេះ គឺក្នុងគោលបំណងបំផុសស្មារតីមហាជន និងផ្សព្វ ផ្សាយដល់ពិភពលោក ឱ្យបានដឹងកាន់តែច្បាស់ពីទម្រង់សិល្បៈវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលដូនតាបានកសាងឡើង និងប្រើប្រាស់តាំងពីសម័យយូរលង់ណាស់មកហើយ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅក្នុងការរៀបចំដែលមានរយៈពេលមួយថ្ងៃពេញ គឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជាលទ្ធផលយើងទទួលបានបេក្ខជន បេក្ខនារីជ័យលាភីឆ្នើមប្រចាំខេត្តចំនួន ៤រូប លើ២ វិញ្ញាសា គឺវិញ្ញាសាចម្រៀងសម័យ និងវិញ្ញាសាចម្រៀងបុរាណ ដើម្បីឆ្ពោះទៅចូលរួមមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញនាខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចទៅតាមផែនការរបស់ខេត្ត និងក្រសួង ដោយទទួលបានបេក្ខជន បេក្ខនារី ជ័យលាភីឆ្នើម ដែលមានសមត្ថភាពពិតៗ ។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញឱ្យមន្ទីរវប្បធម៌ និងវចិត្រសិល្បៈ បន្តខិតខំប្រឹងប្រែងក្នុងការបង្កើតស្នាដៃថ្មីៗក្នុងវិស័យសិល្បៈឱ្យបន្តរីកចម្រើន និងរក្សាបាននូវអត្តសញ្ញាណជាតិ ក៏ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដម បានសង្កត់ធ្ងន់ថា ដើម្បីបន្តថែរក្សា និងផ្សព្វផ្សាយនូវវប្បធម៌របស់ជាតិសាសន៍របស់យើង ដល់ពិភពលោកបាន ដឹងពីវប្បធម៌ដ៏រឹងមាំ ទន់ភ្លន់ និងមានប្រវត្តិចំណាស់យូរលង់ ដែលជាអត្តសញ្ញាណជាតិ ជាក់ស្តែង ដូចជា ប្រាសាទអង្គរវត្ត ដែលជាបណ្តុំនូវប្រវត្តិជាច្រើន ដែលនេះជាមោទនភាពរបស់ជាតិខ្មែរយើង ៕

ដោយ ជួន សុជាតិ