វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ” របស់មន្រ្តីថ្មីបានបញ្ជប់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩​ — ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” ជំនាន់ទី៣ នកាលពីរសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងពិធីនោះឯកឧត្តម ជិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាលនេះ មានរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ និងមានមន្ត្រីរាជការក្របខ័ណ្ឌឆ្នាំ២០១៨ សរុបចំនួន ៧១រូប។

ឯកឧត្តបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលរៀបចំឡើងដោយមានប្រធានបទចំនួន ៨ ប្រធានបទរងចំនួន ៣៨ និងបានបញ្ចូលនូវការយល់ដឹងជាក់ស្ដែង តាមរយៈការធ្វើទស្សនកិច្ចសិក្សា ចំនួន ២កន្លែង៖ ទី១.ទស្សនកិច្ចសិក្សាក្រុមហ៊ុនស្រាបៀរកម្ពុជា ដើម្បីចុះសិក្សាផ្ទាល់ទាក់ទងនឹងប្រធានបទ ស្ដីពីកិច្ចគាំពារបរិស្ថាន ។ ទី២.ទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីចុះសិក្សាផ្ទាល់ទាក់ទងនឹងប្រធានបទរង ស្ដីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។ក្នុងឱកាសនោះ ឯកឧត្តម សុខ គាង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំបង្កើត ឱ្យមានវគ្កបណ្តុះបណ្តាលមន្រ្តី ដើម្បីកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យក្មេង របស់ក្រសួងបរិស្ថាន ឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើ ការងារគ្រប់គ្រងវិស័យ បរិស្ថាន ស្របតាមផែនការកំណែទម្រង់វិស័យបរិស្ថានជារដ្ឋបាលទំនើប ដែលក្នុងនោះការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យក្លាយជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអនុវត្តន៍ការងាររបស់ក្រសួង និងអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ឱ្យ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមជាមន្រ្តីវ័យក្មេង ត្រូវខិតខំពង្រីកនូវចំណេះដឹងពីគ្រប់ប្រភព ព្យាយាមសិក្សា អង្កេតពីសង្គម និងមនុស្សនៅជុំវិញខ្លួន ដើម្បីជាទុនក្នុងការដោះស្រាយបញ្ហាការងារ និងជីវិត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសភាវគតិជាមនុស្សល្អជានិច្ច ៕

ដោយ ពេជ្រ ណារិទ្ធ