ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជម្រុះជាមួយក្រុមហុងកុង នាថ្ងៃទី០៥ ខែកញ្ញា នៃ FIFA World Cup Qatar 2022

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ — បន្ទាប់ពីប្រកាសបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាផ្លូវកា កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១៩មកនោះ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ គ្រូបង្គោលកម្ពុជា ជនជាតិអាហ្សង់ទីន លោក Felix G.Dalmas បានដឹកនាំបង្វឹកដល់កូនក្រុមរបស់ខ្លួនហើយ នៅទីលាន AUPP រាជធានីភ្នំពេញ ដើម្បីត្រៀមទទួលក្រុមភ្ញៀវ ហុងកុង នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមនេះមានកីឡាករចំនួន ៣៥នាក់ និងត្រូវបន្តជម្រុះសម្រិតសម្រាំងរកកីឡាករ ២៣នាក់ចុងក្រោយ ក្រោមការដឹកនាំពីគ្រូបង្គោល លោក Felix G. Dalmas, អ្នកចាត់ការទូទៅ លោក Keisuke HONDA រួមទាំងអ្នកចាត់ការក្រុម គ្រូជំនួយ មន្ត្រីផ្នែកនានាសរុប ចំនួន ១៣នាក់។ កីឡាករចំនួន ៣៥នាក់ មកពីក្លឹបបឹងកេត ៤នាក់, ក្រសួងការពារជាតិ ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, ភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា ១០នាក់ និងមកពីក្លឹបអង្គរថាយហ្គឺរ សាលាបាល់ទាត់ជាតិបាទី គីរីវង់សុខសែនជ័យ ០១នាក់ៗដូចគ្នា។ ក្នុងការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងនេះមិនមានវត្តមាន លោក Keisuke HONDA ចូលរួមទេ ប៉ុន្តែមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា នៅថ្ងៃប្រកួតជាផ្លូវការនោះ លោក HONDA នឹងចូលរួមដឹកនាំ។

សម្រាប់ជើងទី១ ក្រៅពីទទួលធ្វើម្ចាស់ផ្ទះប៉ះជាមួយក្រុម ហុងកុង នាថ្ងៃទី០៥ ខែកញ្ញា នឹងត្រូវបន្តជួបជាមួយក្រុមភ្ញៀវ ជម្រើសជាតិ បារ៉ែន នាថ្ងៃទី១០ ខែកញ្ញា ខណៈប្រកួត៣របស់កម្ពុជានឹងត្រូវទៅលេងនៅក្រៅទឹកដី ជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្ពុជានឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ អ៊ីរ៉ាក់ នៅក្នុងដីខ្លួនឯងវិញ។

សម្រាប់ជើងទី២ ក្រុមកម្ពុជានឹងត្រូវបន្តជួបជាមួយ ៤ក្រុមដដែល ផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដែលជើងទី២ ក្នុងពូល Cនេះនឹងត្រូវដំណើរការពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដើម្បីកាត់សេចក្តីថា តើក្រុមខ្លាំងៗណាខ្លះឈ្នះកៅអីនៅជុំទី២ ឡើងទៅប្រកួតនៅជុំទី៣ជាបន្តទៀត។ វគ្គជម្រុះជុំទី២ ក្នុងពូល Cនេះ មាន ៥ក្រុម រួមមាន៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងក្រុមជម្រើសជាតិកម្ពុជា៕

ដោយ ហេង ណាលីន