សន្និសីទអន្តរជាតិលើកដំបូងដែលមិនធ្លាប់មានស្តីអំពី “អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” បានប្រារព្ធឡើងដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០១៩ — យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ការិយាល័យ (កយកា-​ KOICA) ​ប្រចាំកម្ពុជា ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា សន្និសីទអន្តរជាតិលើកដំបូងដែលមិនធ្លាប់មានស្តីអំពី “អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ​សី​ហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាតំណាងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្តម​ គីម ជីមីន (Kim Ji Min) ឯកអគ្គរដ្ឋទូតស្តីទី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។សន្និសីទអន្តរជាតិនេះរៀបចំឡើងដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រួមគ្នាជាមួយ អង្គការយូណេស្កូ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(TSGM) ដោយមានការអញ្ជើញចូលរួមពី លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេស កម្ពុជា(KOICA) លោកស្រី គីម ជីយូន (Kim Jiyoon)  អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការកណ្តាល KOICA លោក សាដា អ៊ូម៉ា អាឡាម(Sardar Umar Alam) នាយក ការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ឆាយ  វិសុទ្ធ ប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងសមាជិកគណៈកម្មាធិការអន្តរជាតិ នៃសារមន្ទីរក្នុងការចងចាំជនរងគ្រោះ នៃឧក្រិដ្ឋកម្មសាធារណៈ (ICMEMO) អនុគណៈកម្មាធិការនៃក្រុមប្រឹក្សាអន្តរជាតិសារមន្ទីរ(ICOM) ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១៥០នាក់។

សេចក្តី​ប្រកាស​ព័ត៌មានដដែលបានឱ្យដឹងទៀតថា វាគ្មិនជាតិ និងអន្តរជាតិ គណៈប្រតិភូដែលអញ្ជើញមកពីសារមន្ទីរនានា ប្រមាណជាង ២៥ស្ថាប័នផ្សេងៗគ្នានៃទ្វីបទាំង៥ ដែលពួកគាត់ធ្វើការទាក់ទងទៅនឹងបណ្ណសារ នៃការកាប់សម្លាប់រង្គាល ឬអំពើប្រល័យពូជសាសន៍ បានចូលរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ផ្តោតលើប្រធានបទ “ការធ្វើបណ្ណសារអាចចូលប្រើប្រាស់បាន – ទិដ្ឋភាពនៃបច្ចេកទេស និងក្រមសីលធម៌” ។

គួពញ្ជាក់ថា ព្រឹត្តិការណ៍ជាអន្ដរជាតិនេះ បានប្រារព្ធអស់រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិ ដែលបានផ្តោតលើទិដ្ឋភាពនៃក្រមសីលធម៌ ដែលមានបទបង្ហាញពីគម្រោងឌីជីថលនានា ដូចជា របៀបចូលទៅប្រើប្រាស់បណ្ណសារ និងវិធីច្នៃប្រឌិតថ្មី ព្រមទាំងការអនុវត្តដែលល្អបំផុត ដែលជាប់ទាក់ទងទៅនឹងរូបភាពជនរងគ្រោះ និងរឿងរ៉ាវបុគ្គលស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តដែលល្អបំផុត។

ថ្ងៃចុងក្រោយនៃសន្និសីទអន្តរជាតិនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីព្រឹត្តិការណ៍នានា ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដ៏ធំធេង សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក ព្រមទាំងផ្តល់នូវវេទិកាមួយ ដើម្បីលើកកម្ពស់ការអប់រំអំពី អំពើប្រល័យពូជសាសន៍ និងលើកកម្ពស់ការកសាងសន្តិភាព និងការផ្សះផ្សាជាតិផងដែរ៕

ដោយ អ៊ុក សាផាន