ក្រសួងទេសចរណ៍ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកពិចារណារួមគ្នាបង្កើតសមាគមអាកាសចរណ៍ដើម្បីពង្រីកការហោះហើរទៅកាន់គោលដៅសំខាន់ៗ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ស្នើឱ្យភាគីពាក់ព័ន្ធទាំងនេះរួមគ្នាបង្កើត«សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក។នៅក្នុងពិធីបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៥( រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ) បានបើកកិច្ចប្រជុំពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សាពិគ្រោះ ពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ថោង ខុន បានស្នើឱ្បក្រុមហ៊ុនអាកាសចរណ៍ទាំង៥ក្រោមអាណាព្យាបាលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិចារណារួមគ្នាបង្កើត «សមាគមអាកាសចរណ៍ក្នុងស្រុក» ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធនឹងឧស្សាហកម្មធ្វើដំណើរផ្លូវអាកាសឱ្យបានរលូន។

ចំពោះការបង្កើតឱ្យមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាសចរណ៍ទាំង៥ សារទរ និងឯកភាពចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះថាឥឡូវយើងមានក្រុមហ៊ុនអាសចរណ៍ក្នុងស្រុកចំនួន៥ អាចបង្កើតជាសមាគមបានហើយ។

តាមរយៈការបង្កើតសមាគមនេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀតរួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វ ផ្សាយការហោះហើរក្នុងស្រុក( Inflight Magazine ) វីដេអូផ្សព្វផ្សាយពីកម្ពុជា(Inflight Video Entertainment ) ការប្រកាសព័ត៌មាននៅលើយន្តហោះ(Announcement) ឱ្យបានច្រើនភាសាស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេលនិងសុំកុំឱ្យមានការលុបជើងហោះហើរញឹកញាប់។

ព្រមជាមួយនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចពិចារណាលើការកាត់បន្ថយពន្ធខ្លះ ដែលពាក់ព័ន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួនក្នុងការជួយសម្រួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍យើងផងដែរ។

សូមបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៨ប្រទេស(រួមមាន៖ប្រទេសថៃ វៀតណាម ឡាវហ៊្វីលីពីន ឥណ្ឌូណេស៊ីសិង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី អារ៉ាប់ និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទៀតនៅពិភពលោក។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយត្រូវសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ានអាស៊ី និងគោលដៅទេសចរ ណ៍ដ៏មានសក្តានុពល និងស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ ចូលរួមក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនៅក្រៅប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ពិសេសសមាគមឧស្សាហកម្មទេសចរណ៍នានា សូមរៀបចំឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍ ឱ្យបានញឹកញាប់ផងដែរ៕

ដោយ ម៉ៅ ចរិយ៉ា