សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត អាយប៉ា(AIPA)

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ —  មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មកបានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០នេះ ជាមួយតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ទាំង១០ប្រទេស នៅសណ្ឋាគារ Shangri-La ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ក៏បានអនុម័តនូវសេចក្តី​សម្រេច​មួយចំនួន ដែលជាយន្តការសំខាន់សម្រាប់ការអនុវត្តនៅតាមប្រទេសនីមួយៗ ក្នុងការកសាងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រួសារអាស៊ានក៏ដូចជាពិភពលោកមួយ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ ក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី (WAI​PA) បានអនុម័តសេចក្តីសម្រេចចំនួនពីរ លើប្រធានបទ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅក្នុងសហគមន៍អាស៊ាន និងបញ្ហាគម្លាតយេនឌ័រក្នុងបទប្ប​ញ្ញត្តិ បច្ចេកវិទ្យា។ គណៈកម្មាធិការសេដ្ឋកិច្ចបានអនុម័តសេចក្តីសម្រេចចំនួន៤ ដែលមានប្រធានបទដូចជា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍អាស៊ាន ការធ្វើឱ្យល្អប្រសើរលើកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤ ការគំាទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមជាដើម។ គណៈកម្មការសង្គមកិច្ចបានអនុម័តសេចក្តីសម្រេចចំនួន៦ ដែលនិយាយពីការលើកកម្ពស់សេវាសង្គមដល់មនុស្សចាស់ ពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ជាដើម។ ចំណែកគណៈកម្មការរៀបចំ បានពិភាក្សាសេចក្តីសម្រេចចំនួន១៧ ដែលនិយាយពីការពង្រឹងសកម្មភាពរបស់អគ្គលេខាធិការដ្ឋានAIPA និងបណ្តាដៃគូ។ មហាសន្និបាតក៏បានអនុម័ត សម្រាប់ឆ្នាំ២០២០ ប្រគល់ឱ្យប្រទេសវៀតណាមបន្តវេនធ្វើជាម្ចាស់ផ្ទះរៀបចំ​មហា​សន្និបាត​អន្តរសភា​អាស៊ានលើកទី៤១ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នៅទីក្រុងហាឡុង ។ ជាមួយនេះមហាសន្និបាត អាយប៉ាលើកទី៤០ ក៏បានជួបសន្ទនាជាមួយប្រទេសសង្កេតការណ៍ មានដូចជា អូស្រា្តលី កាណាដា ចិន រុស្ស៊ី សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “ភាពជាដៃគូដើម្បីអនុវត្តច្បាប់ល្អ” ផងដែរ។

ឯកឧត្តម ឈួន  លីផៃ ប្រធានសភាប្រទេសថៃ និងជាប្រធានAIPA លើកទី៤០ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំសភា និងសមាជិកគណៈប្រតិភូ អាយប៉ាទំាង១០ ដែលបានខិតខំចែករំលែកទស្សនទាន លើប្រធានបទសំខាន់ៗ រហូតសម្រេចបានជាសេចក្តីសម្រេច ដែលជាយន្តការសំខាន់ សម្រាប់ការអនុវត្តនៅតាមប្រទេសនីមួយៗ ក្នុងការកសាងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រួសារអាស៊ាន ក៏ដូចជាពិភពលោកមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលតំបន់និងពិភពលោក មានការប្រឈមដូចពេលបច្ចុប្បន្ននេះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ជាកក្តាសំខាន់ក្នុងការស្វែងរកសេចក្តីសុខ និងការអភិវឌ្ឍជូនប្រជាជន ពីសំណាក់តំណាងរបស់ពួកគាត់។ ឯកឧត្តមប្រធានមហាសន្និបាត សង្ឃឹមថា បញ្ហាស្មុគស្មាគនៃការប្រែប្រួលអាកាសធាតុ ការជ្រុលនិយម ការប្រកួតប្រជែងពាណិជ្ជកម្ម និងការដោះស្រាយបានតាមរយៈការរឹងចំណងកិច្ចសហប្រតិ   បត្តិការរវាងអាយប៉ានិងអាស៊ាន។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ា (AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានសមាជិក ១០ប្រទេស គឺ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ៊្វីលីពីន ។ AIPA ជាការប្រមូលផ្តុំសំឡេងប្រជាជនក្នុងសហគមន៍អាស៊ាន ជាដៃគូអាស៊ាន ក្នុងការជំរុញឱ្យបានសម្រេចនូវគោលដៅសហគមន៍អាស៊ានតែមួយ៕

ដោយ ប៉ាល់ សុង