អភិបាលខេត្តរតនគិរី ចុះពិនិត្យ និង អន្តរាគមន៍ ស្ថានភាពជំនន់ទឹកភ្លៀងនៅ ស្រុកលំផាត់

AKP រតនគិរី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ -ភ្លៀងធ្លាក់បន្តបន្ទាប់ចាប់ពីចន្លោះម៉ោង១២ អធ្រាត ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក​ស័​ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ឈានចូល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឱ្យជន់លិចនៅតាមបណ្តាឃុំមួយចំនួន រួមមាន៖ ឃុំបាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់ និង សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានភូមិសាស្ត្រនៅតាមទំនាបដងអូរ។

តាមរបាយការណ៍បឋមពីអាជ្ញាធរស្រុកឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ប្រជាពលរដ្ឋជាក់ស្តែងចំនួន ២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របីមួយ បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ ពីបានលុង ទៅស្រុកលំផាត់ចំនួន០២កន្លែង។ ក្នុងនោះអាជ្ញាធរបានចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ០៣នាក់ដែលជាប់នៅដំបូលផ្ទះដោយទឹកលិចផ្ទះមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន។

ក្នុងការចុះអន្តរាគមន៍ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់រូបភាព។ នាឱកាសនេះដែរ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹម ហើយស្ថានភាពជំនន់គឺឡើងលឿន ស្រកចុះក៏លឿន ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេតត្តរតនគិរី)