រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាយស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច

AKP បាត់ដំបង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និង លោក ចាន់ ធន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹង តវ៉ា នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បួង ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តានេះថា រដ្ឋបាលខេត្តបាត់ដំបងតែងតែមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាខេត្តបាត់ដំបង បានទទួលគម្រោងហេដ្ឋានរចនាសម្ព័ន្ធសំខាន់ៗនានាមួយចំនួន ក្នុងការចូលរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជួន ធនធានទឹក ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ។ គម្រោងអភិវឌ្ឍន៍មួយចំនួនមានដូចជា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងសេកសក គម្រោងសាងសង់ទំនប់សាលាតាអន ស្រុកឯកភ្នំ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៥ គម្រោងសាងសង់ទំនប់ដូនទ្រី ស្រុករុក្ខគិរី និងមានគម្រោងមួយចំនួនទៀត ដែលរដ្ឋបាលខេត្តបាននិងកំពុងអនុវត្តន៍ ។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោងទាំងអស់ ត្រូវអនុវត្តន៍ដោះស្រាយផលប៉ះពាល់ដោយតម្លាភាព និងមានគណនេយ្យភាព ដើម្បីបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនឯង៕

 

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង )