ពិធីលៀងសាយភោជន៍ នៃសន្និសីទអន្តរជាតិលើកដំបូងស្តីពី“ អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព”

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ — យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ការិយាល័យ​ KOICA ​ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះបានឱ្យ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយកា(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានចូលរួមក្នុងពិធីលៀងសាយភោជន៍នៅ Palace Gate Hotel & Resort ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមក្នុង​សន្និសីទ​អន្តរជាតិ​លើកទី១ ​ដែលមិនធ្លាប់មានពីមុន ក្រោមប្រធានបទ “ អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” នៅក្នុង​ប្រទេស​កម្ពុជា។

ថ្លែងនៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ លោក នោ ហ្យន់ជូន (Rho Hyun-Jun) បានមានប្រសាសន៍ថា “ តាងនាមឱ្យក្រុមការងារ ទីភ្នាក់ងារ KOICA ទាំងមូលដែលរួមមាន​ទាំង ទីស្នាក់ការកណ្តាល KOICA និង ការិយាល័យប្រចាំប្រទេសកម្ពុជា ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ​ដែលបាន​មកចូលរួមជា​មួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នា ក្នុងការទទួលទានអាហារពេល​ល្ងាច នៃសន្និសីទអន្តរជាតិ​ស្តីពី អំពើប្រល័យពូជសាសន៍ ការចងចាំ ​និងសន្តិភាព។

ក្នុងឱកាសនោះដែរ លោក នោ ហ្យន់ជូន ក៏បានលើកឡើងផងដែរថា​ “ គម្រោងស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែង ទៅក្នុងប្រព័ន្ធកុំព្យូទ័រ” មានអត្ថន័យ​ពិសេស មិន​ត្រឹម​តែ​ចំពោះ​ទស្សនវិស័យរបស់ទីភ្នាក់ងារ KOICA ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅ​ក្នុងទស្សនវិស័យ​របស់​រដ្ឋាភិបាល​​កូរ៉េ​ផង​ដែរ​ ពីព្រោះគម្រោងនេះមានអត្ថន័យ​ពិសេស ចំពោះ​ប្រវត្តិសាស្រ្ត​ដ៏ជូរចត់​របស់​ប្រទេស​កម្ពុជា។

លោក ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ​ប្រចំាប្រទេសកម្ពុជា បានកត់សម្គាល់ថា វាមិនត្រឹមតែជាទុក្ខសោក និង បន្ទុករបស់ប្រជាជន​កម្ពុជាតែ​ម្នាក់​ឯងនោះ​ទេ រដ្ឋាភិបាលនិងប្រជាជនកូរ៉េ សូមចែករំលែកទុក្ខសោក និង ​ការឈឺ​​ចាប់នេះ ជាមួយប្រជាជនកម្ពុជា តាមរយៈគម្រោងនេះ ហើយប្រទេសកូរ៉េនឹងតែងតែជួយ​ដល់​ប្រទេសកម្ពុជា ក្នុងការជម្នះការលំបាក និងឆ្ពោះទៅមុខ នៅជាមួយគ្នានៅថ្ងៃ   អនាគត។ គម្រោងនេះក៏មានអត្ថន័យដ៏ពិសេសផងដែរថា វាអាចជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការអប់រំមនុស្សជំនាន់ក្រោយ​ ឱ្យចងចាំអំពី​ប្រវត្តិសាស្ត្រដ៏​ខ្មៅងងឹត ​និងដើម្បីការពារប្រទេសកម្ពុជា ពីសោកនាដកម្មប្រភេទនេះ ៕

ដោយ អ៊ុក សាផាន