ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះនៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង បានលើកឡើងពីសុខដុមនីយកម្មក្នុង  វិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តន៍ បញ្ចៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត។ ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។ ចំណែកប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់ ១៨២ដុល្លារអាម៉េរិក ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅថ្ងៃស្អែកនេះ។

នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភពីបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ” នៅចុងឆ្នាំ២០១៩នេះ ក្រសួងនឹងបង្កើតឱ្យបានផែន ការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រឹះស្ថាន TVET ទាំងអស់នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀនពីបច្ចេកវិទ្យាថ្មីៗ សម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្សក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព ” ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោលស្ថិតិការងារនៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារនៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការ ត្រូវអនុវត្តន៍ការងារតាមផ្នែក តាមវិស័យរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ជាមន្ត្រី ចៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលនាំទៅដល់ការទទួលទោសទណ្ឌ និងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័ន។ លើសពីនេះឯកឧត្តម បានណែនាំបន្ថែមដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងចំណុចវិជ្ជមាន ក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមន្ត្រីពាក់ព័ន្ធចូលរួមដោះស្រាយរួមគ្នាផងដែរ ៕

ដោយ ប៊ុន រិទ្ធ