ឃុំចង្ហា ស្រុកអូរជ្រៅ ស្តារប្រឡាយ២ខ្សែនាំយកទឹកបម្រើដល់ការងារ ដាំដុះកសិកម្ម

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ -ក្រុមប្រឹក្សាឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តដំណើរការធ្វើស្ថាបនាស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រប្រឡាយ ២ខ្សែ ប្រវែងជិត ៣.០០០ម៉ែត្រ ដើម្បីធ្វើឱ្យ កាន់តែប្រសើរឡើងថែមទៀត នូវប្រព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ពិសេសការដាំដុះ ដំណាំ​ស្រូវ ដំណាំរួមផ្សំបានគ្រប់គ្រាន់ គ្រប់រដូវកាល។

លោក ហឿន យ៉ុក មេឃុំចង្ហា បាន​ឱ្យដឹង​​នៅព្រឹកថ្ងៃ​ពុធ ១៣រោច ខែស្រាពណ៍ ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា ប្រឡាយទាំង២ខ្សែនេះ​ដែលបានភ្ជាប់ពីប្រឡាយមេអមផ្លូវធំ ពីផ្លូវជាតិលេខ៥ កាត់តាមភូមិតាជ្រឹង និងភូមប៉ោយវត្ត គឺដោយប្រើប្រាស់មូលនិធិឃុំប្រចាំឆ្នាំ២០១៨-២០១៩ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារា សាស្ត្រខ្នាតតូចសម្រាប់ស្រោចស្រពលើដំណាំកសិកម្ម ដែលប្រជាកសិករនៅក្នុងមូលដ្ឋាន ជនបទ​កំពុងចង់បាននោះ។

ប្រឡាយនេះ​ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកជួយដោះស្រាយ និង បម្រើដល់វិស័យកសិកម្ម ពិសេសលើដំណាំស្រូវប្រមាណជាង ១.៥០០ហិកតា របស់​បងប្អូន ប្រជាកសិករក្នុងឃុំ មានប្រឡាយមានទឹក ប្រជាកសិករមានទឹកអាចធ្វើស្រែដែលជាតំបន់​តែងតែជួបបញ្ហាខ្វះទឹកជាងគេនោះហើយ ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជ​រដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​។

ប្រធានក្រុមប្រឹក្សាឃុំចង្ហាបានឱ្យដឹងទៀតថា ប្រឡាយទាំង ២ខ្សែនេះក៏មានប្រយោជន៍ ក្នុងការជួយរំដោះទឹកជំនន់នារដូវវស្សា កុំឱ្យលិចលង់ខូចខាតដល់ផលដំណាំ និងមួយចំណែក​ទៀតខ្នងប្រឡាយជាប្រព័ន្ធផ្លូវគមនាគមន៍ ដ៏សំខាន់សម្រាប់តភ្ជាប់មូលដ្ឋានទាំងអស់នេះ ក្នុង ការជួយបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមកបានលឿន ពិសេសក្នុងការដឹក​ជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ​យើងដែលពីមុនពុំធ្លាប់មាននោះ​។

ប្រជាពលរដ្ឋដែលទទួលផលពីប្រឡាយទឹកនេះ បានអរគុណដល់កិច្ចខិតខំប្រឹងប្រែង​របស់ក្រុមប្រឹក្សាឃុំចង្ហា ក្នុងការជីកស្តារប្រឡាយទឹក ២ខ្សែនេះឡើង ទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ ហើយពួកគាត់សង្ឃឹមថា ចាប់ពីពេលនេះទៅនៅក្នុងតំបន់រស់នៅរបស់ ពួកគាត់លែងខ្វះទឹកសម្រាប់​បម្រើឱ្យការងារដាំដុះដំណាំកសិកម្មទៀតហើយ៕

ដោយ ឈុន សារ៉ាត