ពិធីបិទវគ្គ និងពិព័រណ៍ការងាររបស់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញជំនាន់ទី៤ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ -សិក្ខាកាមចំនួន ១២៥រូប ដែលបានទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៃកម្មវិធីអភិវឌ្ឍន៍ជំនាញជំនាន់ទី៤ ដែលឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ នៅខេត្តក្រចេះ ត្រូវបានធ្វើពិធីបិទវគ្គ និងតាំងពិព័រណ៍កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ ។

ពិធីនេះធ្វើឡើង និងអនុវត្តន៍ផ្ទាល់ដោយអង្គការស្វីសខន់ថាក់កម្ពុជា និង INBAS សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី មន្ទីរទេសចរណ៍ខេត្ត មជ្ឈមណ្ឌលឡឺទន្លេ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយមានកាអញ្ជើញជាអធិបតីពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិ បាលខេត្តក្រចេះ លោក គ្រីស្ទៀន វូកឃ័រអ៊ីដ័រ ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ។

លោក គ្រីស្ទៀន វូកឃ័រអ៊ីដ័រ ប្រធានកម្មវិធីជំនាញនៃ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការបានឱ្យដឹងថា វគ្គបណ្តុះ បណ្តាលជំនាន់ទី៤នេះ មានមុខជំនាញចំនួន៨គឺ ជំនាញផ្សារដែក ជំនាញតបណ្តាញអគ្គិសនី ជំនាញជួសជុលម៉ាស៊ីនធុនតូច ជំនាញជួសជុលម៉ូតូ សំអាងកាយ កាត់ដេរសម្លៀកបំពាក់ សេវាម្ហូបអាហារនិងភេសជ្ជៈ និងគេហកិច្ច ។

លោក គ្រីស្ទៀន វូកឃ័រ អ៊ីដ័រ  បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញដែលបានធ្វើកន្លងមកនេះ មានគោលបំណងជួយបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់ជនងាយរងគ្រោះក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ព្រមទាំងជួយបង្កើតឱ្យមានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដែលមានគុណភាពឆ្លើយតបតម្រូវការទីផ្សារ និងមានយន្តការសម្របសម្រួលច្បាស់លាស់ទូទាំងប្រទេស ។

លោកបញ្ជាក់ទៀតថា ដើម្បីសម្រេចបានគោលបំណងនេះ កម្មវិធីអភិវឌ្ឍន៍ជំនាញ បានអនុវត្តន៍សកម្ម ភាពគម្រោងដែលបែងចែកជាសមាសភាគចំនួន៣ គឺការបណ្តុះបណ្តាល ប្ដូរវេន ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ការគាំទ្រគោលនយោបាយ និងកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សព្វថ្ងៃនេះក៏មានសិក្ខាកាមរបស់មជ្ឈមណ្ឌល កំពុងតែបម្រើការងារនៅតាមសហគ្រាសឯកជន និងក្រុមហ៊ុនមួយចំនួន ដោយទទួលប្រាក់ចំណូលសមរម្យទៅតាមជំនាញនីមួយៗទៀតផង ។

អភិបាលរងខេត្តក្រចេះ លោក ជាក់ ម៉េងហ៊ាង បានសម្ដែងនូវការអរគុណចំពោះការខិតខំគាំទ្រ និងយកចិត្តទុកដាក់របស់អង្គការដៃគូ ក្នុងការបណ្តុះបណ្តាលនូវចំណេះដឹង ជំនាញនីមួយៗដល់សិក្ខាកាម ប្រកបដោយភាពប៉ិនប្រសព្វ និងជាទុនក្នុងការរស់នៅប្រកបមុខរបរក្នុងសង្គម ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ។ លោក បានបញ្ជាក់ថា តាមរយៈសមិទ្ធផលវគ្គសិក្សានេះសិក្ខាកាមទទួលបានចំណេះដឹង ជំនាញសមត្ថភាពបន្ថែមពិតប្រាកដ ។

លោកអភិបាលរងខេត្តក្រចេះ ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំអស់ដែលទើបបញ្ចប់វគ្គសិក្សាជំនាញនេះ ត្រូវយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការចិញ្ចឹមជីវិតនិងកាត់បន្ថយភាពក្រីក្រ ហើយសមិទ្ធផលទាំងនេះ នឹងឆ្លើយតបមកវិញនូវផ្លែផ្កាពីសហគ្រាសឯកជន ក្រុមហ៊ុននានា ហើយក៏សុំឱ្យបងប្អូនសិក្ខាកាមខិតខំប្រឹងប្រែងបន្ថែមលើជំនាញក្នុងរបរប្រចាំថ្ងៃរបស់ខ្លួន និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕

ដោយជួន សុជាតិ