ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជម្រាបភាគីស្រីលង្កាពីសុខសន្តិភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ -ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្កា ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានមោទនភាពដោយបានរស់នៅក្រោមដំបូលសុខសន្តិភាព និងគោលនយោបាយសុខដុមបនីយកម្មជាតិសាសន៍ ដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងឱកាស ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម M. H. Abdul Haleem រដ្ឋមន្រ្តីក្រសួងសេវាកម្ម ប្រៃសណីយ៍ និងកិច្ចការសាសនាឥស្លាម នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា បើទោះបីជាព្រះរាជាណាចក្រកម្ពុជ ប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែសាសនាដទៃទៀតដែលមិនមែនជាសាសនារបស់រដ្ឋ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាមប្រមាណ ៥ភាគរយ កំពុងតែរស់នៅដោយសុខដុមរមនា។ ដោយទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការប្រតិបត្តិទៅតាមជំនឿសាសនារបស់ពួកគេរៀងៗខ្លួន។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តទៀតថា ដោយមើលឃើញពីការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចចាត់ទុកថា ជាប្រទេសគំរូក្នុងតំបន់ ទើបធ្វើឱ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) មានការកោតសរសើរ និង បានទទួលស្គាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជាបេសកជនពិសេសតំណាងឱ្យកម្ពុជាប្រចាំនៅអង្គការមួយនេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីឯកឧត្តម ត្រូវបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តម ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) ផងដែរ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ។

ឯកឧត្តម M. H.Abdul Haleem ក៏បានអបអរសាទរចំពោះមោទនភាពរបស់ប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ល្អ និងមានព្រហ្មវិហារធម៌ចំពោះប្រជាជន និងប្រទេសជាតិ ព្រមទាំងបានកោតសរសើរចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទូទៅ ទាំងក្នុងក្រប  ខ័ណ្ឌសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល ៕

ដោយសួស សំរិត