អភិបាលរងខេត្ត ជួបជាមួយកីឡាករ កីឡាការិនីទាញព្រ័ត្រ មុនចេញទៅប្រកួតដណ្ដើមពានរង្វាន់នៅអ៊ូសាចាយា( KL )ឆ្នាំ២០១៩ នៅម៉ាឡេស៊ី

AKP បាត់ដំបង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ -នៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានជួបជាមួយក្រុមកីឡាករ កីឡាការិនី ក្លឹបកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង នៃសមាគមក្មេងវត្ត មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់នៅអ៊ូសាចាយា( KL )ឆ្នាំ២០១៩ នៅម៉ាឡេស៊ី។

លោក នូវ រិទ្ធី ប្រធានសមាគមក្លឹបកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលក្លឹបកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានទៅចូលរួមប្រកួតកីឡាទាញព្រ័តដណ្ដើមពានរង្វាន់ នៅអ៊ូសាចាយា(KL)ឆ្នាំ២០១៩ International Championships នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីក្លឹបកីឡាខ្លាំងៗ តំណាងឱ្យប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ី ហើយការប្រកួតនេះជាលក្ខណៈអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ី ។

លោក អ៊ុយ ធាវី អភិបាលរងខេត្ត បានជូនពរ និងផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ដែលបានទៅប្រកួតនៅប្រទេសម៉ាឡេស៊ី សូមរក្សានូវសុខភាពឱ្យបានល្អ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ រហូតដល់ចប់កម្មវិធី និងសូមទទួលបានជោគជ័យក្នុងការដណ្ដើម ពានរង្វាន់ជូនជាតិយើង និងសូមឱ្យការធ្វើដំណើរបំពេញបេសកកម្មនេះប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ក្រុមកីឡាករ កីឡាការីនីកម្ពុជាខេត្តបាត់ដំបង នឹងត្រូវចេញដំណើរទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានចំនួន ២៦ រូប ក្នុងនោះគណៈប្រតិភូដឹកនាំ ៦រូប កីឡាករ ៩រូប កីឡាការិនី ៩រូប និងគ្រូបង្វឹក ២រូប ជាក្រុមកីឡាស្ម័គ្រចិត្ត តែមានកម្រិត ។ កីឡាទាញព្រ័ត្រនេះដែរ គឺយកចេញពីល្បែងប្រជាប្រិយ ទាញព្រ័ត្ររបស់ខ្មែរយើង ដែលបានចារិកនៅប្រាសាទអង្គរវត្ត និងបានចូលជាសម្បត្តិបេតិក ភណ្ឌពិភពលោក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រូវបានពិភពលោក ដែលមាន ១០២ ប្រទេស បានយកល្បែងប្រជាប្រិយនេះ មកធ្វើជាកីឡាប្រកួតប្រជែងមកដល់សព្វថ្ងៃនេះ ។

ការប្រកួតកីឡាទាញព្រ័ត្រនេះដែរ ក៏មានកតិកាច្បាស់លាស់ក្នុងក្របខ័ណ្ឌកីឡា គឺមានការថ្លឹងទម្ងន់ (គីឡូ) ហើយនៅពេលប្រកួតក៏មានគ្រូបង្វឹកនៅអែប និងមានអាជ្ញាកណ្ដាលផងដែរ ។ កន្លងមកខេត្តបាត់ដំបងត្រូវបានសហព័ន្ធកីឡាទាញព្រ័ត្រ បានទៅចូលរួមប្រកួតចំនួន២ លើករួចមកហើយនៅប្រទេសថៃ ហើយក៏បានទទួលចំណាត់ថ្នាក់លេខ ៣ មួយលើក និងលេខ ៤ មួយលើកនៅខេត្តប៉ាតាយ៉ា និងខេត្តឈុនបូរី ប្រទេសថៃ ព្រមទាំងបានទទួលការកោតសរសើរពីសំណាក់កីឡាទាញព្រ័ត្រអាស៊ាន ប្រទេសថៃ ផងដែរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)