កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន

AKP កំពត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — នៅរសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ប្រធានក្រុមការងារក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងក្រុមលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត សរុប ២៨០នាក់។

បន្ទាប់ពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអានរបាយការណ៍សង្ខេបរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរចំពោះលទ្ធផលការងារ ស្តែងចេញពីការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃក្រុមការងារថ្នាក់ជាតិ ទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលបានចុះបំពេញការ ងារបានល្អប្រសើរ។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចាត់ទុកអង្គវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលនៅតែមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ ស្តីពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីឆ្លើយតបរាល់ដំណោះស្រាយ សំណូមពរ ក្តីកង្វល់ និងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាព សំដៅជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕

ដោយ ប្រាក់ លាង