ស្ពានអាកាសនិងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅមកដល់ពេលនេះសម្រេចបាន៣០ភាគរយ 

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩​ — ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណជា ៣០ភាគរយហើយ ដោយក្រុមការងារបាននិងកំពុងជីកអាងក្រោមដីចំនួន២ រួមជាមួយនឹងការជីកធ្វើផ្លូវក្រោមដីយ៉ាងមមាញឹក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះថា ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បើគិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជា ៣០ភាគរយហើយ។ ក្នុងនោះក្រុមការងារបាននិងកំពុងជីកអាងក្រោមដីចំនួន២កន្លែង ដែលអាងក្រោមដីទីមួយត្រូវបានជីករួចរាល់ និងអាងក្រោមដីមួយទៀតបាននិងកំពុងជីក ។ ក្នុងនោះការសម្រុកទៅលើការងារជីកផ្លូវក្រោមដីក៏បាននិងកំពុងមមាញឹកបំផុតផងដែរ ដោយក្រុមការងារបានអនុវត្តន៍ការងារទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញឱ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ។ ដំណើរការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ចំនួន ២២លានដុល្លារអាម៉េរិក។ ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការសាងសង់នេះគឺត្រូវបានបែងចែកជា ៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥,៥ម៉ែត្រ។

ស្ពានទី២-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវ៉េងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រ យានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥,២៥ម៉ែត្រ។ ស្ពានទី៣-ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងសម្រាប់រថយន្ត និង មួយគន្លងសម្រាប់ទោចក្រ យានយន្ត។ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវ៉េងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទំហំទទឹង ៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល ១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិ   វេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ ៕

ដោយ សួស សំរិត