ឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ នៅឃុំស្រែថ្មី

AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — ការប្រការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ​១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុករលាប្អៀរ លោក យ៉ង់ សៅវុឌ្ឍី និងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរ និងប្រជាពលរដ្ឋជាច្រើននាក់ ។

តាមរបាយការណ៍របស់លោក គុយ វន្ធី ប្រធានក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យ បានឱ្យដឹងថា ឃុំស្រែថ្មីមាន ១២ភូមិ ក្នុងនោះ ភូមិក្តីត្នោត គឺជាភូមិទី៣ ដែលក្រុមការងារចុះអនុវត្តន៍តាម នីតិវិធីនៃដំណាក់កាលនីមួយៗ រហូតដល់ការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណៈប្រព័ន្ធ ហើយលទ្ធផលទទូលបាន គឺកំណត់ព្រំប្រទល់ និងវិនិច្ឆ័យ ភូមិក្តីត្នោត សរុបបានចំនួន ៧០៨ក្បាលដី និងទិន្នន័យសរុប ៧០៨ក្បាលដី។ ក្នុងនោះដីកសិកម្ម ១៤៩ក្បាលដី ដីលំនៅឋាន ៥៥៦ក្បាលដី ដីអណ្តូងទឹក ០១ក្បាលដី ដីចេតិយ៍ ០១ក្បាលដី ទ្រព្យរួមប្តីនិងប្រពន្ធ ៤១៨ក្បាលដី ទ្រព្យរដ្ឋ ចំនួន ០៣ក្បាលដី ដីជំទាស់ ០១ក្បាលដី និងទ្រព្យអត់ស្គាល់ម្ចាស់ មិនបានចូលរួម ១០ក្បាលដី ។ក្នុងឱកាសនោះ អភិបាលស្រុករលាប្អៀរ លោក យ៉ង់ សៅវុឌ្ឍី និងលោក លី សុភា ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះមានរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលជាសប្បទានិកក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវហើយ ឬនូវ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹងជំទាស់ដើម្បីសើរើ ពិនិត្យមើលឡើងវិញ ដូចជា ឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យ ជាដើម ។

លោកអភិបាលស្រុករលាប្អៀរ បានបញ្ជាក់ទៀតថា ការបិទផ្សាយជាសាធារណៈនៃការចុះបញ្ជីដីធ្លី ជាសាធារណៈមានលក្ខណៈប្រព័ន្ធនៅក្នុងភូមិក្តីត្នោតពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាល ដែលបង្ហាញពីការយកចឹត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទូលបាន ៕

ដោយ អ៊ុក សាផាន