ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី៣ ប្រចាំខែសីហា ឆ្នាំ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩​ — នៅក្នុងឱកាសបើកសម័យប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ ប្រចាំខែសីហា ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ការសាមគ្គី និងសហការគ្នាធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុក ផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថា ការងារចាំបាច់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត ចូលរួមដោះស្រាយសំណូមពរចាំបាច់ និងសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយឡើយ។ ជាពិសេសបំពេញឱ្យបានតាមតួនាទី និងភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ចូលរួមចំណែកក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងកិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការពិនិត្យរបាយការណ៍ លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែសីហា និងទិសដៅអនុវត្តន៍បន្ត៕

ដោយ សោម ឫទ្ធី