សម្ភារប្រើប្រាស់ និងផលិតផលជាច្រើន​​បម្រើឱ្យវិស័យកសិកម្មនៅកម្ពុជា ដែលនាំចូលត្រូវបានអនុគ្រោះនូវអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

AKP សៀមរាប​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩​ — ឯកឧត្តម វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បាន​ថ្លែងនៅ​ក្នុងសិក្ខាសាលាផ្សព្វផ្សាយការលើកទឹកចិត្ត ផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្មក្នុងវិស័យ កសិកម្ម នៅខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះវិស័យកសិកម្ម ត្រូវ​បាន​រាជ   ​រដ្ឋាភិបាល​លើកកម្ពស់យ៉ាង​ខ្លាំង ជាពិសេសផ្នែកស្រូវ អង្ករ ដំឡូងមី ជ័រកៅស៊ូ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ជាដើម។

ក្រៅពីនេះចំពោះការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួនដូចជា ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ គឺត្រូវបានអនុគ្រោះនូវអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។ នៅពេលបង្កបង្កើនផលបានជាផលិតផលកសិកម្មមិនទាន់កែច្នៃដែលមានដូចជា ឫស មើម ដើម សម្បក ផ្លែ ផ្កា ឬគ្រាប់នៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះទោះមិនទាន់កិន ឬកិនបំបែករួចហើយក្តីនិងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលផ្សេង ៗ រួមបញ្ចូលទាំងស្រូវ អង្ករ ក៏ត្រូវបានផ្តល់ការលើកលែងអាករលើតម្លៃបន្ថែមផងដែរ។ ប៉ុន្តែឯកឧត្តមយល់ឃើញថា ម្ចាស់សហគ្រាសមួយចំនួនហាក់ដូចជា មិនសូវយល់ដឹងពីបញ្ហានេះដោយសារពួកគាត់មិនបានមកចូលរួមស្តាប់ការផ្សព្វផ្សាយពីមន្រ្តីជំនាញ និងតាមដានដោយផ្ទាល់។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល បាន​ពន្យល់ថា ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារខាងលើ សហគ្រាសត្រូវបំពេញតាមលក្ខខណ្ឌទាំង០៣ដូចជា ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារដែលមានសុពលភាព១ឆ្នាំម្តង ត្រូវភ្ជាប់ជាមួយលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នូវបញ្ជីឈ្មោះសហគ្រាសដែលផ្គត់ផ្គង់ទំនិញ ឬសេវាជាបន្ទុករបស់រដ្ឋ ត្រូវកាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងប្រកាសបង់ពន្ធអាករដទៃទៀតជាធរមាន ទៅតាមកាលកំណត់។ ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព(ផ្នែកកសិកម្ម)សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពចំពោះផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ត្រូវទទួលបានការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់គិតពីខែតុលា ឆ្នាំ២០១៨ តែត្រូវបំពេញលក្ខខណ្ឌណាមួយដូចជា ការប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី៦០ថ្ងៃឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច២០ភាគរយ ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ៕

ដោយ ឃុត សៅ