អត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជាចេញទៅចូលរួមប្រកួតជើងឯកយុវជនអាស៊ី នៅហ៊្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីវ័យក្មេងចំនួន១៧នាក់ចេញ ទៅប្រកួតជើងឯកសូហ្វតិន្នីសយុវជនអាស៊ី លើកទី១ ឆ្នាំ២០១៩ នៅ ប្រទេសហ៊្វីលីពីនដោយបាន ចេញដំណើរកាលពីយប់ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

មុនពេលចេញដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុន ហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាមានប្រសាសន៍ថា ការចូលរួមប្រកួតជើង ឯកសូហ្វតិន្នីសយុវជនអាស៊ីនេះ គឺក្រុមកម្ពុជាមានក្រុមយុវជនអាយុក្រោម ១២ឆ្នាំ ១៥ឆ្នាំ ១៨ឆ្នាំ និង ក្រោម ២១ឆ្នាំ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានបណ្តា ប្រទេសចូលរួមក្នុងកម្រិតអាស៊ីនេះមានត្រឹម ១៣ប្រទេសប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ ដដែលនេះ មានក្រុមអត្តពលិកសូហ្វតិន្នីសមួយក្រុមផ្សេងទៀត នឹងត្រូវចេញដំណើរទៅ ប្រកួតក្នុងព្រឹត្តិការណ៍មួយទៀត គឺសូហ្វតេន្នីសនិស្សិតអាស៊ី លើកទី១ដែរ ដែលក្រុមកម្ពុជានឹងវិល ត្រឡប់មកវិញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ឯកឧត្តមអនុប្រធានបញ្ជាក់ថា សម្រាប់ជើង​ឯកយុវជនអាស៊ី នៅហ៊្វីលីពីននេះមាន ១៣ប្រទេស ដែលចូលប្រកួតប្រជែងមេដាយ ប៉ុន្តែក្នុងចំណោមគឺភាគច្រើនសុទ្ធតែជាប្រទេសខ្លាំងៗក្នុងអាស៊ីដូចជា ចិនតៃប៉ិ កូរ៉េ ជប៉ុន រីឯប្រទេសថៃ និងម្ចាស់ផ្ទះហ៊្វីលីពីន គឺមានកម្រិតគុណភាពបច្ចេកទេសប្រហាក់ ប្រហែលគ្នា ដែលក្រុមអត្តពលិកកម្ពុជាអាចទប់ទល់បាន។ ទោះយ៉ាងនេះក៏ឯកឧត្តមមិនហ៊ានសន្យា ថា នឹងអាចប្រជែងបានមេដាយ ក្នុងកម្រិតណាមួយនោះទេ។ ប៉ុន្តែក្រុមសូហ្វតិន្នីសកម្ពុជាប្តេជ្ញាចិត្ត ខ្ពស់ថា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកនូវលទ្ធផលល្អៗមកជូនជាតិវិញ។

ឯកឧត្តម ជា ប៊ុនហេង បានបន្ថែមថា ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ទោះជា ចាញ់ ឬឈ្នះក៏ដោយ ក៏ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ក្រុមអត្តពលិកសូហ្វតិន្នីសកម្ពុជានឹងបង្កើន បានគុណភាពបច្ចេកទេស និងបទពិសោធន៍កាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រជែងមេដាយ នៅក្នុង ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីនដែលគ្រោងនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ ៕

ដោយ ហេង ណាលីន