ក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC មានគម្រោងវិនិយោគកែច្នៃសំរាម ដើម្បី ផលិតអគ្គិសនី គម្រោងជីវឥន្ធនៈ និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ​ឆ្នាំ២០១៩ — នារសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក DATO MAH KASENG ប្រធានក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និងក្រុមហ៊ុនវិនិយោគបរទេសសិង្ហបុរី និងម៉ាឡេស៊ី ចូលជួបពិភាក្សាការងារជាមួយឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគ លើគម្រោងកែច្នៃសំរាម ផលិតថាមពលអគ្គិសនី, គម្រោងជីវឥន្ធនៈ , និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ ពីព្រោះខេត្តព្រះសីហនុ កំពុងមានការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិន ច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរបរទេស ។ លោក DATO MAH KASENG មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក មានគម្រោងវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតថាមពលអគ្គិសនី ហើយក្រុមហ៊ុនកំពុងដាក់ឱ្យដំណើរការនៅក្នុងប្រទេសថៃទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនី ចេញពីសំរាមនៅក្នុងប្រទេសឡាវ ។ ក្រុមហ៊ុនចង់មកធ្វើការកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ព្រោះការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើង ម្យ៉ាងទៀតសំរាមក៏មានច្រើនជាក់ជាមិនខាន។ ទន្ទឹមនឹងការកែច្នៃសំរាម ក៏មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេស ចរណ៍ទំនើបនៅខេត្តព្រះសីហនុនាពេលខាងមុខ ដោយក្រុមហ៊ុន (ប្រទេសសឹង្ហបុរី) ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះគម្រោងវិនិយោគនៅខេត្តព្រះសីហនុ ព្រោះសំរាមនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃមានជាង ១.០០០តោន ហើយវានឹងអាចកើនឡើងបន្ថែមទៀត ក៏ប៉ុន្តែក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅ ដើម្បី ឈានទៅសម្រេចសាងសង់ បង្កើតរោងចក្រផលិតថាមពលអគ្គិសនី ឱ្យមានប្រសទ្ធិភាព ហើយមន្ត្រីរបស់យើងនឹងធ្វើការពិភាក្សាតាមជំនាញនីមួយៗ ដើម្បីឈានទៅអនុវត្តន៍គម្រោងទាំង៣ ខាងលើ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវសិក្សាអំពីសំរាម តើក្នុងការផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់ ត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន? ដើម្បីយើងមានមូលដ្ឋានក្នុងការបង្កើតរោងចក្រកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ពិសេសក្រុមហ៊ុន មានប្រភពសេដ្ឋកិច្ចក្នុងការសាងសង់រោងចក្រកែច្នៃសំរាម ។ ដោយឡែកចំពោះក្រុមហ៊ុនជីវឥន្ទនៈ ត្រូវសិក្សាទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុននានានៅកម្ពុជាឱ្យមានតម្លាភាព ចំពោះការចង់អភិវឌ្ឍន៍ផែទូកទេសចរណ៍ទំនើប នៅខេត្តព្រះសីហនុ ត្រូវបន្តពិភាក្សាជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី