ប្រទេសទាំង៣ប្រជុំលើកិច្ចការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ -ប្រទេសទាំង៣ គឺកម្ពុជា ឡាវ និង វៀតណាម បានជួបជុំគ្នានាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព។

នេះជាកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ច ក្នុងការពិនិត្យ តាមដានរបស់  គណៈកម្មការ /គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម»  ក្រោមការរៀបចំធ្វើជាម្ចាស់ផ្ទះ របស់សភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការជួបជុំគ្នាពេលនេះ ក៏ជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការពិនិត្យ និងតាមដានអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងការប្រឈមនានា នៅតំបន់ត្រីកោណអភិវឌ្ឍន៍ បន្ទាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នាអភិវឌ្ឍន៍តំបន់នេះ អស់រយៈពេលពីរទសវត្សន៍មកហើយ។ ជាការពិតណាស់ប្រទេសទាំងបី តែងតែបានរួមគ្នាពិនិត្យឡើងវិញ និងបានច្របាច់បញ្ចូលនូវបណ្ដុះគំនិតផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប្ន័ន ដោយអនុញ្ញាតមានការចូលរួមពីវិស័យសាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលពាក់ព័ន្ធនានា រួមគ្នាអភិវឌ្ឍន៍តំបន់នោះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបន្តថា ការអភិវឌ្ឍតំបន់ត្រីកោណមិនអាចកើតឡើងដោយឯកឯងបានឡើយ បើមិនបានផ្សាភ្ជាប់ជាមួយនឹងការធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅនោះទេ។ យើងត្រូវរក្សា និងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់យើងឱ្យកាន់តែស៊ីជម្រៅ ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណនេះឱ្យកាន់តែប្រសើរ និងគង់វង្សយូរអង្វែង។ គណៈកម្មការជំនាញរបស់រដ្ឋសភានៃប្រទេសទាំង៣ និងភាគីពាក់ព័ន្ធ សូមបន្តជំរុញការចែករំលែកនិងការផ្លាស់ប្តូរ ព័ត៌មាន និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម ។  ត្រូវបន្តខិតខំស្វែងរក និងលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគទុនបរទេស និងកៀរគរមូលនិធិបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ លើហេដ្ឋារចនា    សម្ព័ន្ធរឹង និងទន់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបណ្តាញគមនាគមន៍ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានលើកទឹកចិត្តដល់តំណាងរាស្រ្ត ជាពិសេសតំណាងរាស្រ្តនៃខេត្តទាំង១៣ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាអ្នកនៅផ្ទាល់ជាមួយនឹងប្រជាជនបន្តពង្រឹង និងបង្កើនទំនាក់ទំនងរវាងគ្នាឱ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់តួនាទីភាពជាតំណាង ក្នុងការពាំនាំនូវបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាជននៅទីនោះបាន និងកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា៕

ដោយ ប៉ាល់ សុង