កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ នៅខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជី វកម្មសំណង់ ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់សម្ភារៈសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់នៅតាមការដ្ឋាននានាក្នុងខេត្តព្រះសីហនុ ការដ្ឋានត្រូវមានច្បាប់អនុញ្ញាតសាងសង់គ្រប់ការដ្ឋាន ។ ក្រុមហ៊ុនសាងសង់ត្រូវបានចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើគុណភាពសំណង់ កន្លងមកក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញបញ្ហាប្រឈមមួយចំនួន ក្នុងការត្រួតពិនិត្យគុណភាពសំណង់ជាង ៥០០កន្លែងនៅខេត្តព្រះសីហនុ ។ ជាក់ស្តែងបានរកឃើញការដ្ឋាន ១៤កន្លែងគ្មានស្ដង់ដារ តម្រូវឱ្យរុះរើសំណង់ចេញ និង ៧០ការដ្ឋានផ្សេងទៀតត្រូវធ្វើការត្រួតពិនិត្យគុណភាពពីក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត ។ ក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ ហើយយើងក៏មានការសោកស្តាយផងដែរ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ ការសាងសង់ខ្វះបច្ចេកទេស គុណភាព នាំឱ្យមានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្តទៀតបាន ។ ក្រុមការងាររបស់ក្រសួងដែនដី អាជ្ញាធរខេត្ត បានអញ្ជើញអ្នកម៉ៅការសាងសង់ចូលរួមកិច្ចប្រជុំ សំដៅធ្វើការពិភាក្សាជាមួយក្រុមការងារបច្ចេកទេសដោយតម្រូវឱ្យ – អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ – អ្នកម៉ៅការសាងសង់នៅលើទីតាំងដែលបានសុំច្បាប់អនុញ្ញាតតាមលក្ខណៈបច្ចេកទេស ។ – អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹមត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ប្រសិនបើសំណង់ណាមិនបានអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញ រដ្ឋបាលខេត្តនឹងអនុវត្តន៍វិធានការរដ្ឋបាល យើងត្រូវគោរពច្បាប់ទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាល់ម្ចាស់ការដ្ឋានណាដែលមិនបានសហការតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្នុងការចូលរួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់ នឹងចុះទៅផ្អាកការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន ។

ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានធ្វើការបទបង្ហាញថា វិធានការនានាចំពោះក្រុមហ៊ុនប្រកបអាជីវកម្មវិស័យសំណង់ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ទទួលខុសត្រូវក្នុងកិច្ចសន្យា និងក្រៅកិច្ចសន្យា ចំពោះការខូចខាតបង្កឡើងដោយសំណង់ ។ ត្រូវទទួលខុសត្រូវលើគំនូរប្លង់ សោភណភាព ជ្រើសរើសសម្ភារ ការជ្រើសរើសបច្ចេកវិទ្យា ។ ត្រូវត្រួតពិនិត្យការដ្ឋានឱ្យបានហ្មត់ចត់ ចៀសវាងការធ្វេសប្រហែសបង្កគ្រោះថ្នាក់ជាយថាហេតុ។ ពិសេសត្រូវអនុវត្តន៍នូវវិធានការចំនួន៤ ក្នុងនោះ ទី១-កាតព្វកិច្ច និងលក្ខខណ្ឌចម្បងៗដែលក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ត្រូវគោរព និងអនុវត្តន៍ ។ ទី២-កាតព្វកិច្ច និងលក្ខខណ្ឌចម្បងដែលក្រុមហ៊ុនប្រកបការងារសាងសង់ និងក្រុមជាងសំណង់ ត្រូវគោរព និងអនុវត្តន៍ ។ ទី៣-ម្ចាស់សំណង់ទទួលខុសត្រូវចាត់ចែង ។ ទី៤-វិធានការអនុវត្តន៍តាមនីតិវិធីច្បាប់ចំពោះម្ចាស់សំណង់ ៕

ដោយ ងូ សុមុនី