កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត

AKP កំពត ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩​ — សាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទិ៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលអភិបាលរងក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១១៧នាក់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ណែនាំ ដូចខាងក្រោម៖ សំណូមពរអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវចូលក្នុងក្រុងកំពតទាំងអស់ឱ្យបានឆាប់រហ័ស ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ស្នើឱ្យគណ:កម្មការអន្តរក្រសួង យកចិត្តទុកដាក់លើទីតាំងទេសចរណ៍កែបថ្មី និងភ្នំបូកគោ ដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរ។ ស្នើអគ្គនាយកក្រុមហ៊ុន សុខាអូតែលបូកគោ សហការជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍ នៅលើភ្នំឱ្យកាន់តែច្រើន។ សំណូមពរជួយរៀបចំចំណតរថយន្តគ្រប់ប្រភេទ ក្នុងក្រុងឱ្យមានសណ្តាប់ធ្នាប់។ សំណូមពរដល់អភិបាលក្រុង ស្រុក យកចិត្តទុកចំពោះបរិស្ថានអនាម័យ លើសេវាកម្មម្ហូបអាហារ និងសេវាកម្មលំនៅឋាន។

សូមបញ្ជាក់ថា បុណ្យសមុទ្រនៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង ” ៕

ដោយ ប្រាក់ លាង