រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈប្រចាំខែសីហា

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩នេះ  ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុរួចមក ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ការខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានលទ្ធផលល្អ ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រួតពិនិត្យរដ្ឋបាលចំហ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស ចរជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ មានជំនឿ និងទំនុកចិត្តមកវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យនគរបាលចរាចរណ៍ផ្លូវគោក បន្តត្រួតពិនិត្យលើយានយន្តដែលគ្មានស្លាកលេខគ្រប់ប្រភេទ ធ្វើការឃាត់ទុក បញ្ជូនទៅឱ្យមន្តី្រសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុយកទៅរក្សាទុក នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ  ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពក្នុងការគ្រប់គ្រងយានយន្តដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ។ ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមមួយសម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ម្យ៉ាងទៀតដោយសារតែកំណើនយានយន្ត និងការ ដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃមានការ កើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងអគារខ្ពស់ៗជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះ ៕

ដោយ ងូ សុមុនី