ប្រធានគ្លីនិកសម្រាកព្យាបាល យីគក់៖ វិស័យឯកជនប្ដេជ្ញាពង្រឹងការផ្ដល់សេវាសុខាភិបាល ជូន​ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចាកចេញទៅព្យាបាលក្រៅប្រទេស

AKP បាត់ដំបង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — ប្រធានគ្លីនិកសម្រាកព្យាបាលយីគក់ បានបង្ហាញការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការពង្រឹង ​និង​ពង្រីកការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់​នៅក្នុងខេត្ដបាត់ដំបង និងបណ្ដាខេត្ដនៅក្បែរនោះ ដើម្បីកាត់បន្ថយការចាកចេញទៅពិនិត្យ និងព្យា​បាល​ជំងឺនៅប្រទេសជិតខាង។ ការលើកឡើងនេះ ​នៅក្នុងការប្រារព្ធខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យដំណើរការគ្លីនិកសម្រាកព្យាបាលយីគក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅគ្លីនិកសម្រាកព្យាបាលយីគក់ ស្ថិតនៅក្នុងក្រុង បាត់ដំបង ខេត្ដបាត់ដំបង។លោកវេជ្ជបណ្ឌិត យី គក់ ប្រធានគ្លីនិកសម្រាកព្យាបាល យីគក់ បានប្ដេជ្ញា​យ៉ាងម៉ឺង​ម៉ាត់ថា នឹងបន្ដពង្រីកផ្នែកសេវាឯកជននៅនឹងគ្លីនិកយីគក់ ដើម្បីជួយដល់ប្រជាជន​យើង ហើយកាត់បន្ថយប្រជាជនយើងដែលចេញទៅទទួលសេវានៅក្រៅប្រទេស តាមរយៈ​​ការ​ពង្រីក​នូវក្រមសីលធម៌ និងជំនាញច្បាស់លាស់ និងពង្រឹងនូវធនធានមនុស្សបន្ថែម​ទៀត​ឱ្យកាន់តែល្អ ប្រសើរថែមទៀត។ លោកវេជ្ជបណ្ឌិតបានបន្ដថា “ការផ្ដល់នូវទំនុកចិត្ដរបស់​ប្រជា​ពលរដ្ឋមកលើសេវាសុខាភិបាលនៅក្នុងប្រទេសយើង គឺត្រូវធ្វើយ៉ាងណាផ្ដល់នូវទំនុក​ចិត្ដ និងឱ្យពួក គាត់មើលឃើញថា គ្លីនិកយីគក់បានពង្រឹងសេវា គុណភាព និងមានជំនាញ រួមទាំងឧបករណ៍ សម្ភារគ្រប់គ្រាន់”។ លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា ដោយមើលឃើញថា ប្រទេស​ជាតិកំពុងតែទទួលបាន​នូវសុខសន្ដិភាពយ៉ាងពេញលេញ បរិបូរណ៍ក្រោម​ការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា កត្ដាសុខសន្ដិភាព និងស្ថិរភាពនេះហើយ ដែលធ្វើឱ្យប្រទេសយើង​ទទួលបាន​នូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយមានការកើនឡើងជារៀងររាល់ឆ្នាំក្នុងអត្រារង្វង់៧​ភាគរយ បានធ្វើឱ្យតម្រូវការផ្នែកវិស័យសុខាភិបាលសាធារណៈកើនឡើងខ្ពស់ដែរ  ក្នុងការ​ចូល​រួម​លើក​កម្ពស់ថែទាំសុខុមាលភាពជូនប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិតបានកត់សម្គាល់ថា ការ​ចូលរួមវិនិយោគ​របស់វិស័យឯកជន កំពុងតែ​មានការកើនឡើង ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលជាពិសេសវិស័យសុខាភិ​បាល​បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋ និងធ្វើការប្រកួតប្រជែង ដើម្បី​ឱ្យមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់។ លោកវេជ្ជបណ្ឌិតបានលើក​ឡើងផងដែរថា បច្ចុប្បន្ននេះ គ្លីនិកសម្រាក​ព្យាបាល យីគក់ បានខិតខំ​ពង្រឹង​គុណភាព ការ​ផ្ដល់នូវសេវាកម្ម ក៏ដូចជាជំនាញផ្នែកវេជ្ជ​សាស្រ្ដ (ក្នុងនោះមានវេជ្ជបណ្ឌិត​ជំនាញៗ​គ្រប់ផ្នែក រួមជាមួយសម្ភារ បរិក្ខារពេទ្យទំនើបៗ​ដូចជាឧបករណ៍លាងឈាម,  MRI, CT Scan, មាស៊ីនអេកូ GE, ម៉ាស៊ីនវីដេអូស្កូបឆ្លុះក្រពះ ពោះវៀន, ម៉ាស៊ីនអង់ដូស្កូបឆ្លុះត្រចៀក ច្រមុះ បំពង់ក និងម៉ាស៊ីនស៊ីស្លូកុបឆ្លុះប្លោកនោម)​ ឱ្យកាន់តែរឹងមាំថែមទៀត។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា “ក្នុងនាមជាប្រធានគ្លីនិកយីគក់សូមធ្វើការ​តាំងចិត្តខ្ពស់​ក្នុងការ​ចូលរួមចំណែកយ៉ាងសំខាន់​ក្នុងវិស័យឯកជនផ្នែកសុខាភិបាល ក្នុងន័យជួយសម្រាល​ដល់​បន្ទុករបស់​​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលមាន​តម្រូវ​ការ​ព្យាបាលជំងឺ ដោយមិនចាំបាច់ត្រូវចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស ដែល​នាំឱ្យ​​ខាតបង់ពេលវេលា ជាពិសេស សេដ្ឋកិច្ចគ្រួសារ”។ ទន្ទឹមនេះ ដោយមើលឃើញពីបញ្ហា​ប្រឈម​ទាំងនេះ ទើបគ្លីនិកមានចក្ខុវិស័យសម្រាប់ការពង្រីកទៅថ្ងៃអនាគត គ្លីនិកបានដាក់​ចេញ​នូវគោល​បំណង​ដ៏ធំមួយគឺចង់អភិវឌ្ឍន៍ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលមួយ ប្រកបដោយ​សក្ដានុពលក្នុង​វិស័យសុខាភិបាលផ្នែកសេវាឯកជន។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា គ្លីនិកក៏នឹងបន្ដធ្វើការអភិវឌ្ឍឱ្យមាន​លក្ខណៈ​ជាស្ដង់​ដារអន្ដរជាតិ ដែលអាចធ្វើ​ការប្រកួត​ប្រជែង ជាមួយប្រទេសជិតខាងបាន និងជាការលើកមុខមាត់ដល់​ប្រទេសជាតិ ក្នុងវិស័យ​សុខាភិបាលផ្នែកសេវាឯកជននេះ​ផងដែរ។ លើសពីនេះទៀត នៅថ្ងៃអនាគត គ្លីនិកសម្រាក​ព្យាបាល យីគក់ នឹងប្រែក្លាយ​ទៅជាមជ្ឈ​មណ្ឌលមួយដែលអាចជួយសង្គ្រោះ​ជីវិតមនុស្សឱ្យរួច​ផុតពីគ្រោះថ្នាក់បានកាន់​តែ​ច្រើន​ឡើងថែមទៀត ហើយអត្រានៃការស្លាប់​ដោយសារជំងឺ​ដែល​អាចព្យាបាល​បាននោះ នឹង​ត្រូវកាត់បន្ថយ ជាពិសេសរួមចំណែកយ៉ាង​សំខាន់ក្នុងការជួយដល់​សេដ្ឋកិច្ច​ជាតិតាមរយៈការ​ជួយសង្គ្រោះជីវិតមនុស្ស។

លោកវេជ្ជបណ្ឌិត ហួត សុជាតិ ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង​នៃមន្ទីរសុខាភិបាលខេត្ដបាត់ដំបងបានមានប្រសាសន៍ថា​ ប្រសិនបើយើងពឹងផ្អែកទៅលើការ បម្រើ សេវាសុខាភិបាលជូនដល់ប្រជាជនដោយពឹងផ្អែកទៅលើមន្ទីរពេទ្យរដ្ឋ យើងគិតថា មិនទាន់គ្រប់គ្រាន់ទេពីព្រោះយើងនៅមានកម្រិតទាំងបច្ចេកទេស និងសម្ភារៈ ឧបករណ៍ប្រើ​ប្រាស់។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការចូលរួមរបស់វិស័យឯកជន គឺពិតជាមាន​សារៈ​សំខាន់ ដោយសារតែវិស័យឯកជនមានសម្ភារ ឧបករណ៍ទំនើបៗធ្វើការពិនិត្យ និង​ស្វែងរក​រោគ​វិនិច្ឆ័យ ដែលសកម្មភាពទាំងនេះ គឺបានចូលរួមទប់ស្កាត់ប្រជាជ​ន​ដែលចេញ​ទៅក្រៅប្រទេស ជាពិសេសប្រជាជនរស់នៅក្នុងខេត្ដបាត់ដំបង និងខេត្ដជុំវិញដែលពួកគាត់​មាន​បញ្ហាសុខភាព ខណៈមន្ទីរពេទ្យរដ្ឋមិនទាន់អាចរ៉ាប់រងបាន។ លោកវេជ្ជបណ្ឌិតបានបន្ដថា ការបង្កើតបច្ចុប្បន្នភាព​នៅក្នុង​មន្ទីរពេទ្យយីគក់ ដែលជាវិស័យឯកជននេះ បានដើរទន្ទឹមគ្នា​រវាង​វិស័យឯកជន និងរដ្ឋ ហើយក្នុង​វិស័យឯកជនគឺមានលទ្ធភាពច្រើនក្នុងការពង្រីក​សេវា​ផ្នែក​សុខាភិបាលនេះ ជា​ពិសេស​ការបណ្ដុះបណ្ដាលធនធានមនុស្ស និងពង្រីកនូវឧបករណ៍ បរិក្ខារ និងសម្ភារៈឱ្យកាន់​តែទំនើបៗថែមទៀត ការពង្រឹងនូវគុណវុឌ្ឍិរបស់មន្រ្ដីសុខាភិ​បាល​ទាំងអស់ ទាំងបច្ចេកទេស និងចំណេះដឹងទូទៅ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈ​ផ្នែកសុខាភិ​បាល។

លោកវេជ្ជបណ្ឌិតបានចាត់ទុកគ្លីនិកសម្រាកព្យាបាលយីគក់ គឺជាគំរូដ៏ល្អមួយសម្រាប់​ផ្នែកឯកជន ដែលសេវាឯកជនទាំងអស់ ត្រូវតែអភិវឌ្ឍន៍គុណភាព គុណវុឌ្ឍិ និងសមត្ថភាព​គ្រូពេទ្យ ដើម្បីបម្រើសុខភាពជូនប្រជាពលរដ្ឋក៏ដូចជាការផ្ដល់សារដល់មន្រ្ដីសុខាភិបាល​ទាំង​អស់ ក្នុងការចូលរួមជំរុញឱ្យមានគុណភាពល្អក្នុងការបម្រើសេវាសុខភាព​ប្រជាពលរដ្ឋ​ដោយ​ត្រូវ​គោរព​ក្រមសីលធម៌វិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការបង្កើតគ្លីនិកសម្រាកព្យាបាលយីគក់នេះឡើង ដោយចាប់ផ្ដើមដាក់​ឱ្យ​ដំណើរការដំបូងនៅទីតាំងចាស់(ផ្លូវឡាអេ) ក្នុងឆ្នាំ២០០៧  ហើយបានប្ដូរមកទីតាំងថ្មី​នៅ​ឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ដែលមានគ្រែចំនួន៤៨គ្រែ សម្រាប់បម្រើជូនដល់អ្នកជំងឺ និង​មានវេជ្ជបណ្ឌិត​ឯកទេសចំនួន០៤នាក់ វេជ្ជបណ្ឌិតទូទៅចំនួន០៨នាក់ បុគ្គលិកឆ្មប និងគិលានុ​បដ្ឋាយិកា​ចំនួន៥២នាក់ រួមនឹងផ្នែកផ្សេងៗសរុបចំនួន៨៦នាក់។ ដោយទទួលបាន​នូវការគាំទ្រ និង​ទំនុកចិត្ដកាន់តែខ្ពស់ពីអ្នកជំងឺ ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់មន្ទីរសម្រា​ក​ព្យាបាល យីគក់ កាន់​តែល្បីល្បាញឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ជាពិសេស​បាន​កសាងនូវកេរិ៍្ដឈ្មោះ និងបន្ដនូវសក្ដានុភាពរបស់ខ្លួនរហូតមកដល់ពេលនេះ៕

ដោយ រិទ្ធី