របាយការណ៍អង្គការសុខភាពពិភពលោកបង្ហាញថា ឆ្នាំ២០១៦ មានមនុស្សស្លាប់ ៥៦,៩លាននាក់ដោយសារជំងឺមិនឆ្លង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — ជំងឺមិនឆ្លងជាមូលហេតុដ៏ធំមួយ ដែលរារាំងដល់ការអភិវឌ្ឍ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងវេទិកា ស្ដីពីតួនាទីសភាក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលសហការរៀបចំដោយរដ្ឋសភា ជាមួយក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។

របាយការណ៍ដដែលបានបញ្ជាក់ថា ជំងឺមិនឆ្លងមានច្រើនប្រភេទ ជាពិសេស ជំងឺមហា រីក ជំងឺទឹកនោមផ្អែម ជំងឺខូចតម្រង់នោម និងជំងឺនានា ដែលទាក់ទងនឹងការជក់បារី ជាដើម កំពុងបំផ្លាញសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សអស់ជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៦ ក្នុងចំណោមមនុស្សស្លាប់ ៥៦,៩លាននាក់ ក្នុងនោះគឺមានមនុស្សស្លាប់ដោយសារជំងឺមិនឆ្លងពីរប្រភេទខ្ពស់ជាងគេ គឺជំងឺដែលទាក់ទងនឹងបេះដូងខ្សោយ និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល មានប្រហែលជា ១៥,២លាននាក់។

ឯកឧត្តមបណ្ឌិត ងួន ញិល ប្រធានស្តីទីរដ្ឋសភា បានលើកឡើងថា ជាទូទៅរដ្ឋសភាតែងបានសហការជាមួយក្រសួងសុខាភិបាល ក្នុងការពិភាក្សារកដំណោះស្រាយរកវិធានការ និងការធ្វើសិក្ខាសាលារួមគ្នា ដើម្បីផ្សព្វផ្សាយការយល់ដឹង ឬទទួលយកមតិយោបល់ផ្សេងៗពីមហាជន។ ជាក់ស្តែងក្នុងខែកន្លងទៅនេះ រដ្ឋសភាបានសហការជាមួយនឹងក្រសួងសុខាភិបាលក្នុងការធ្វើសិក្ខាសាលារួមគ្នា ដើម្បីផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺមិនឆ្លងនេះ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ម្តងរួចមកហើយ។ ថ្ងៃនេះទៀតរដ្ឋសភាបានសហការជាមួយក្រសួងសុខាភិបាល និងដោយមានការចូលរួមពីអង្គការសុខភាពពិភពលោកផងដែរ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ និងរកវិធានការការពារទប់ស្កាត់ ឬកាត់បន្ថយជំងឺមិនឆ្លងនេះ។

ជំងឺមិនឆ្លង ជាមូលហេតុដ៏ធំមួយដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះថា នៅពេលដែលមនុស្សមានជំងឺ ជំងឺអ្វីមួយក៏ដោយ សមត្ថភាពបំពេញការងារត្រូវបានកាត់បន្ថយ ឬមិនអាចធ្វើការកើតទាំងស្រុងឡើយ ហើយពេលនោះសង្គមទាំងមូលនឹងត្រូវរ៉ាប់រង និងចំណាយធនធាន និងពេលវេលាជាច្រើនដើម្បីថែទាំអ្នកជំងឺទាំងនោះ ៕

ដោយប៉ាល់ សុង