ឯកឧត្ដម​ អូស្មាន​ ហាស្សាន់​ ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិប  តេយ្យសង្គមនិយមស្រីលង្កា ​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ –​ ដោយទទួលបានការអនុញ្ញាតពី​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាព្រឹកចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្ដម អូស្មាន​ ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន​ ០៦​រូប​ ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា រយៈពេល០៤​ថ្ងៃ​ គឺចាប់ថ្ងៃទី២៦ ដល់២៩​ ខែសីហា​ ឆ្នាំ​២០១៩ ដើម្បីឈ្វេងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម​ និង​ សកម្មភាពវិនិយោគរវាង​ប្រទេសទាំងពីរ​ ។ មុនចេញដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឯកឧត្ដម អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងស្របពេល ដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា និងស្រីលង្កា​ កាន់តែមានភាពល្អប្រសើរឡើង និងក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្ម​ និង​ សកម្មភាពវិនិយោគរវាង​ប្រទេសទាំងពីរ​ ជាពិសេសដើម្បីស្វែងរកការវិនិយោគវិស័យហាឡាល់​ វិស័យហិរញ្ញវត្ថុបែបឥស្លាម​ និងការងារមនុស្សធម៌​មួយចំនួនផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមគ្រោងនឹង ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម,​ រដ្ឋមន្ត្រីក្រសួងព្រះពុទ្ធ​សាសនា​ និង​ វប្បធម៌, រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥស្លាម,​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ,​ ប្រធានក្រុមប្រឹក្សាស្រីលង្កា,​ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ LOLC, ប្រធានសាជីវកម្មធានារ៉ាប់រងស្រីលង្កា​, រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង​ ផ្គត់ផ្គង់ទឹក​ និង​ការអប់រំថ្នាក់ឧត្តមសិក្សា, សភាពាណិជ្ជកម្ម​កូឡំបូ​, រដ្ឋមន្ត្រីក្រសួងសាធារណការ​ ព្រមទាំង​ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន​ និង​ អ្នកវិនិយោគឧស្សាហកម្មហាឡាល់ជាច្រើនទៀត ។ ជាមួយគ្នានេះដែរឯកឧត្ដម ក៏គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម Maithripala Sirisena ប្រធានាធិបតីស្រីលង្កាផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្ដម​ និង​ គណៈប្រតិភូកម្ពុជា​ នឹងអញ្ជ;ញទស្សនា​ សិក្សាឈ្វេង យល់​ ម៉ាស្ជិទ​ Dewatagaha នៅស្រីលង្កា មុននឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ៕

ដោយ  សួស សំរិត