CAMSOC ប្រើប្រាស់ស្លាកសញ្ញា និងនិមិត្តរូបចាប់ពីឆ្នាំ២០២០  បន្ទាប់ពីបើកទូលាយឱ្យមានការប្រកួតប្រជែងជាសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩​ — អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួត អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះថា ចាប់ពីឆ្នាំ២០២០តទៅ យើងនឹង ប្រើប្រាស់គំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ SEA Games 2023 ជាផ្លូវការ បន្ទាប់ពី បើកទូលាយឱ្យមានការដាក់ ប្រកួតប្រជែងស្នាដៃពីប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាសជូនដំណឹង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តមអគ្គលេខាធិការ CAMSOC បន្ថែមទៀតថា សន្និសីទសារព័ត៌មាន នៅថ្ងៃនេះផ្តោតសំខាន់លើការរៀបចំស្វែងរកការជ្រើសរើសនូវការប្រកួតប្រជែងជាសាធារណៈនូវការគូរគំនូរស្លាក សញ្ញា «Logo» និង មិនិត្តរូប «Mascot» របស់សត្វ ដែលតំណាងឱ្យប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិរបស់យើង ក្នុងគោលដៅ ប្រើប្រាស់ ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។

ដោយមានការបង្ហាញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានសង្កត់ធ្ងន់លើទិដ្ឋភាព «Logo» និង «Mascot» ត្រូវ តែមានភាពទាក់ទាញ ក្នុងខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែល មានចរិតលក្ខណៈជាខ្មែរ។ ចំពោះអ្នកទទួលបាននូវជ័យលាភីនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ដោយ តម្កល់ទុកស្នាដៃរបស់បេក្ខជនជ័យលាភីជាប្រវត្តិសាស្រ្ត សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបេក្ខ ជនជ័យលាភីនោះនឹងទទួលបានកិត្តិយសដ៏ធំធេងជាទូតសុឆន្ទៈ និងជាភ្ញៀវកិត្តិយសគ្រប់កម្មវិធីទាំងអស់ របស់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញនូវគោលការណ៍នៃការប្រកួតប្រជែងស្នាដៃ «Logo» និង «Mascot» នេះថា ហេតុអីបានជា CAMSOC មិនប្រកួតប្រជែងត្រឹមតែអ្នកជំនាញគំនូរ ពីព្រោះថា ការរៀបចំស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តលើកទី១ ក្នុងការទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជានេះ គឺជារបស់ជាតិទាំងមូល របស់ប្រជាជនខ្មែរទូទាំងប្រទេសទាំងមូល ជាអ្នកចូលរួមទាំងអស់គ្នា ដូច្នេះការប្រកួត នេះមិនត្រូវធ្វើក្នុងលក្ខណៈចង្អៀតទេ ហើយប្រជាពលរដ្ឋទាំងអស់គឺជាម្ចាស់ផ្ទះ ជាអ្នកទទួលខុសត្រូវរួមគ្នា ក្នុង ការជំរុញឱ្យការរៀបចំប្រកួតដ៏ធំជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ៕

ដោយ ហេង ណាលីន