មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បើកសិក្ខាសាលាស្តីពីការជំរុញការអនុវត្តសកម្មភាព លើវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទជំហាន២ ឆ្នាំ២០១៩-២០២៣

AKP ក្រចេះ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ — មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានបើកសិក្ខាសាលាស្តីពីការជំរុញការអនុវត្ត សកម្មភាពលើវិស័យផ្គត់ផ្គងទឹក និងអនាម័យជនបទជំហាន២ ឆ្នាំ២០១៩-២០២៣ កាលពី ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩។

សិក្ខាសាលានេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ ក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គងទឹកនិងអនាម័យជនបទ ដោយមានការចូលរួមពីសំណាក់លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក មន្រ្តីរដ្ឋបាលសាលាស្រុកទទួលបន្ទុកការងារសេវាសង្គម និងអង្គការដៃគូអភិវឌ្ឍន៍ផ្នែក សុខភាពអនាម័យ ដែលមានការិយាល័យក្នុងខេត្តមួយចំនួនទៀត។

លោក លឹម ជីវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តក្រចេះបានឲ្យដឹងថា ខេត្តក្រចេះ មានអត្រាគ្របដណ្តប់ផ្នែកទឹកស្អាត ៦៨.៩ភាគរយ និងអនាម័យជនបទ ៤៥ ភាគរយ នាឆ្នាំ ២០១៨ តួលេខនេះបង្ហាញថាមានអត្រាកើន ឡើងតិចតួចបើធៀបជាមួយ ក្របខ័ណ្ឌទូទាំងប្រទេស តែប្រសិនបើប្រៀបធៀបនឹងសូចនាករដែលបានដាក់ចេញ ក្នុងផែនការសកម្មភាពខេត្តជំហានទី១ឆ្នាំ២០១៤-២០១៨ វិញខេត្តក្រចេះ ពុំទាន់បានសម្រេចនៅឡើយទេ (សូចនាករ PAP1 ទឹកស្អាត ៦០ភាគរយ និងអនាម័យ ជនបទ៤៥ ភាគរយ)។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា បញ្ហាប្រឈមដ៏ធំក្នុង វិស័យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទមិនទាន់ផ្លាស់ ប្ដូរទម្លាប់ការរស់នៅគ្មានអនាម័យនៅឡើយ ក៏ប៉ុន្តែក្រុមការងារគ្រប់ភាគីពាក់ ព័ន្ធទាំងអស់បានខិតខំប្រឹងប្រែងធ្វើឱ្យប្រជាជននៅជនបទ បង្កើនការទទួលបាន នឹងប្រើប្រាស់ទឹកស្អាត និងអនា ម័យប្រកបដោយសមធ៌ម និងសុវត្តិភាព ដោយការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងតំបន់ទីប្រជុំ ជនតាមរយៈការសាងសងហេដ្ឋារចនា សម្ព័ន្ធរួមមាន ការផ្ដល់អណ្ដូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង និងប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាត ប្រើប្រាស់មានលក្ខណៈប្រសើឡើង។

លោក ប៉ែន លីណាត អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញឱ្យការអនុវត្តសកម្ម ភាពលើវិស័យផ្គត់ផ្គងទឹក និងអនាម័យជនបទជំហាន២ ឆ្នាំ២០១៩- ២០២៣ ទទួលបានជោគជ័យ ខណៈដែលខេត្តក្រចេះមានស្ថានភាពទឹកស្អាត និងអានាម័យជនបទនៅ មានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្ដាខេត្តនៅទំនាបភាគកណ្ដាលនាពេលបច្ចុប្បន្ន។

លោកអភិបាល រងខេត្តបានមានប្រសាសន៍ថា  ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់ភាពប៉ិនប្រសប់ តាមរយៈការដាក់ចេញនូវចក្ខុវិស័យដ៏វែងឆ្ងាយត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមជាមួយនិងគោលនយោបាយ និងយុទ្ធសាស្រ្តប្រកបដោយភាពជឿជាក់ ប្រាកដនិយម និងភាពម៉ឺងម៉ាត់ ដោយបានធ្វើឱ្យតំបន់ជនបទ នៃព្រះរាជាណា ចក្រកម្ពុជាសម្រេចបាន នូវអត្រាគ្របដណ្តប់ផែ្នកទឹកស្អាតនិងអនាម័យជនបទមានការ រីកចម្រើនគួរឱ្យកត់សម្គាល់។

លោកអភិបាលរងខេត្តបញ្ជាក់ថា ដើម្បីឆ្លើយតបឱ្យ មានប្រសិទ្ធភាពសូម គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមឱ្យ បានខ្លាំងក្លាដើម្បីចូលរួមអនុវត្តន៍ផែនការ សកម្មភាពខេត្តជំហាន២ឆ្នាំ២០១៩-២០២៣ នេះ ឱ្យទទួលបានជោគជ័យ៕

ដោយ ជួន សុជាតិ