សប្បុរសជននាំយកអំណោយជូនរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩​ — លោក LIU KUN និងតំណាងឱ្យម្ចាស់ហាងឈ្មោះ ZHONG HUI JIAN PU ZAI JIN GVAN DI MIAO បាននាំយកអំណោយឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកទៅ ចែកជូនជនរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រតាមតម្រូវការជាក់ស្តែង នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបាននាំយកអំណោយឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុ ដើម្បីធ្វើ ការបែងចែកជូនប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ស្រ្តីមេម៉ាយ ប្រជាពលរដ្ឋក្រីក្រ  និងក្មេងកំព្រា។

លោកក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលខេត្តព្រះសីហនុនឹងយកទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងក្មេងកំព្រាឱ្យចំគោលដៅ នេះជាការចូលរួមសហការ នៃវប្បធម៌ចែករំលែករវាងវិស័យឯកជន និងរដ្ឋបាលខេត្ត ព្រះសីហនុ។ រដ្ឋបាលខេត្តនឹងបន្តទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទី ដែលមាន បំណងចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ដើម្បីយកទៅ ចែកជូនប្រជាពលរដ្ឋរង គ្រោះបានទាន់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាអំណោយទាំងអស់នេះ ត្រូវបានចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ទីទ័លក្របានទាន់ពេល។

អំណោយដែលបានយកមកឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុនាព្រឹកនេះ មាន អង្ករចំនួន ៦០០គីឡូក្រាម ទឹកត្រី៤០យួរ ទឹកស៊ីអ៊ីវ៤០យួរ និងត្រីខកំប៉ុងចំនួន ៤០យួរ៕

ដោយ ងូ សុមុនី