ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង នឹងត្រូវតភ្ជាប់ជាលើកដំបូងនាចុងខែវិច្ឆិកានេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ — កម្ពុជានឹងបើកជើងហោះហើរត្រង់ភ្នំពេញ-ដាណាង ជាលើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញ  និទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបីឱ្យបានកាន់តែច្រើន បន្ទាប់ពីភ្ញៀវទេសចរបញ្ចប់ដំណើរកម្សាន្តនៅវៀតណាម។

កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុម ហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោក ហ័ង ម៉ាញ់ទួន (Hoang Manh Tuan) អគ្គនាយកក្រុមហ៊ុនបានជួបពិភាក្សាគ្នាដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូងពីរាជធានីភ្នំពេញ ទៅមកខេត្តដាណាងនៃប្រទេសវៀតណាមនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះឯកឧត្តម ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អពីព្រោះCambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ ឯកឧត្តមក៏បានស្នើបន្ថែមឱ្យក្រុម ហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការ នៅទីនោះដូចជាខេត្តស៊ីអាន(ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុលភ្ញៀវ ទេសចរងាយស្រួលក្នុងការសុំទិដ្ឋាការមកកម្ពុជា។

ចំពោះសំណើខាងលើនេះលោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធ បន្ថែមទៀតខណៈបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិCambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះក្រុមហ៊ុនបាន និងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំងពីខេត្តព្រះសីហនុទៅខេត្តសៀមរាបពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដ៏ធំរបស់វៀតណាមដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើនដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជាហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញឬហោះហើរត្រង់ពីភ្នំពេញទៅដាណាងផងដែរ។អ្វីដែលសំខាន់គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបីឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងកាលពី ឆ្នាំមុនវិស័យទេសចរណ៍កម្ពុជាបានរកចំណូលបានប្រមាណ៤,៣៥ពាន់លានដុល្លារអាម៉េរិក និងរំពឹងកើនដល់៥ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជាមានចំនួន៨៨៧,០៣៩នាក់នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ៕

ដោយ ម៉ៅ ចរិយា