ប្រជាពលរដ្ឋខ្វះខាត៣០០គ្រួសារ និងសិស្សានុសិស្ស១០០នាក់ ក្នុងក្រុងប៉ោយប៉ែត​ ទទួល​​បាន​អំណោយពីសមាគមចលនាយុវជនក្រុម១៥៧

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ និងសិស្សានុសិស្ស១០០នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជួបបញ្ហាខ្វះខាតក្នុង​ជីវភាពរស់នៅ និងការរៀនសូត្របានទទួល អំណោយជាគ្រឿងឧបភោគបរិភោគសម្ភារ និងថវិកា ពីសមាគមចលនាយុវជនក្រុម ១៥៧សម្រាប់ជួយសម្រួលដល់ការរស់នៅបានមួយរយៈនោះ។

មានប្រសាសន៍នៅក្នុងពិធីចែកអំណោយនេះ ដែលបានធ្វើឡើងនៅក្នុងបរិវេណវត្ត​ពោធិ៍សុវណ្ណសិលារាម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧បានលើក​ឡើងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សា នុសិស្សនោះ ក្រុមការងារចលនាយុវជនយើងនៅតាមក្រុង ខេត្ត បានរួមគ្នាកៀរគរប្រមូល បាននូវអំណោយជាស្បៀង​អាហារសម្ភារ និងថវិកាមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សដែលជួបលំបាកក្នុងជីវិភាពរស់នៅនិងការរៀនសូត្រក្នុងតំបន់នេះ។

ឯកឧត្តម ម៉ឹង ពន្លក បន្តទៀតថា ទោះបីអំណោយចែកជូននេះតិចតួច តែនេះ ជាចំណែក​មួយបានបំពេញក្នុងការដោះស្រាយការខ្វះខាតបានមួយគ្រាដែរ ហើយក៏ជាការ បង្ហាញឱ្យ​ឃើញពីការចូលរួមរបស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ជាមួយ រាជដ្ឋាភិបាល កាកបាទក្រហមកម្ពុជាដែលជានិច្ចកាលតែងតែគិតគូរ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងនៅ​គ្រប់ទីកន្លែងនោះ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ ទទួលបាន​នូវសុខសន្តិភាពជំរុញការអភិវឌ្ឍប្រទេសឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ។ ជាមួយនោះ​ឯកឧត្តម ម៉ឹក ពន្លក ក៏បានអំពាវនាវប្រជាពលរដ្ឋយើងបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលថែរក្សា​សុវត្ថិភាពសុខសន្តិភាពដែលកំពុងកើតមាននេះ ឱ្យបាននៅគង់វង្សតទៅទៀត។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម ​អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់សមាគម​ចលនាយុវជនក្រុម១៥៧ដែលបានរួមគ្នាក្នុងកិច្ចការមនុស្សធម៌នេះក្នុងការជួយដោះស្រាយ​ដល់ការលំបាករបស់ប្រជាពលរដ្ឋសិស្សានុសិស្សដែលឆ្លើយតបទៅនឹងគោលនយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះឱ្យ​បន្តការយកចិត្តទុកដាក់ថែរក្សាសុខភាពរស់នៅមានអនាម័យពោលគឺហូបស្អាត ផឹកស្អាត​រស់នៅស្អាត ហើយត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យអស់លទ្ធភាពក្នុងការប្រកបរបររកស៊ី​ធ្វើកសិកម្មដើម្បីជួយជំរុញជីវភាពរស់នៅឱ្យប្រសើរឡើងថែមទៀត៕

​ដោយ ឈុន សារ៉ាត