អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ប្រភេទ ពីអង្គភាពនគរបាលការពារ បេតិកភណ្ឌ ប្រចាំតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន​៥​ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដោយយកមករក្សាទុក​បណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំ​សំណើសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។ នេះបើយោងតាមការ ផ្សាយរបស់អាជ្ញាធរជាតិអប្សរា។អាជ្ញាធរអប្សរាបានលើកឡើងថា ការប្រគល់ និងទទួលនេះ បានធ្វើឡើង កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ ដែលវត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖
១). បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់៦២ សង់ទីម៉ែត្រ ទទឹង៣៨សង់ទីម៉ែត្រ និងកម្រាស់១៨សង់ទីម៉ែត្រ។ ២).​ បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់៤៣ សង់ទីម៉ែត្រ ទទឹង៣៤ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រ។ ៣). បំណែកភ្នែន ទេវរូប ធ្វើពីថ្មភក់ មានកម្ពស់១១សង់ទីម៉ែត្រ ទទឹង ១១សង់ទីម៉ែត្រ និងកម្រាស់៩ សង់ទីម៉ែត្រ។ ៤). កុលាល ភាជន៍(ថូ) ធ្វើពីដីដុត កម្ពស់២៥ សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រនិង៥). កុលាល​ភាជន៍(ខួច) ធ្វើពីដីដុត កម្ពស់៧.៥ សង់ទីម៉ែត្រ និងទទឹង៨ សង់ទីម៉ែត្រ។

សូមបញ្ជាក់ថា វត្ថុបុរាណទាំង៥ប្រភេទត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។ បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញា ធរជាតិអប្សរាដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា។

ជាមួយគ្នានេះ រមណីយដ្ឋានអង្គរសម្បូរបុរាណដ្ឋានមានសំណល់បុរាណវិទ្យាទាំងលើដី និងក្រោមដី ដូច្នេះអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជនចូលរួមថែរក្សា ចៀស​វាងការជីកកកាយ ឬឈុសឆាយទីតាំងបុរាណដ្ឋាន និងរាយការណ៍ដល់អាជ្ញាធរមាន​សមត្ថ កិច្ច ឬអាជ្ញាធរជាតិអប្សរាក្នុងរកណីបានជួបប្រទះនូវបុរាណវត្ថុទាំងនោះ។ ទន្ទឹមនេះ អាជ្ញាធរ ជាតិអប្សរា ក៏សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលយកចិត្ត​ទុកដាក់ការ​ពារ​នូវសម្បត្តិ បេតិកភណ្ឌដែលជារបស់យើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សាតាម រយៈការប្រគល់ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ សកម្មភាពនេះ សរបញ្ជាក់ឱ្យឃើញពីការ យល់​ដឹងពីតម្លៃនៃមរតកដូនតា និងចង់ថែរក្សាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕​

ដោយ រិទ្ធី