ជប៉ុនបានផ្តល់ថវិកាសរុបប្រមាណ ២០លានដុល្លារអាម៉េរិក  សម្រាប់ការ​ថែរក្សាបេតិកភណ្ឌប្រវិត្តសាស្ត្រនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណជា ២០លា​ន​ដុល្លារអាម៉េរិក សម្រាប់​ការ​ថែរក្សាបេតិក​ភណ្ឌប្រវិត្តសាស្ត្រនៅកម្ពុជា តាមរយៈអង្គការយូណេស្កូ ក្នុងរយៈពេល១០ឆ្នាំ ដំបូង ដែលគម្រោងថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រនៅកម្ពុជា(JSA)នេះ បានបង្កើតឡើង កាលពីឆ្នាំ១៩៩៤។

នេះបើតាមប្រសាសន៍លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ប្រធានក្រុម​រដ្ឋាភិបាល​ជប៉ុន​​សម្រាប់​ការ​ថែរក្សាបេតិកភណ្ឌប្រវិត្តសាស្ត្រនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី ការចូលរួមចំណែករបស់លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា លើការថែរក្សាបេតិកភណ្ឌ ប្រវត្តិសាស្ត្រនៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា។

លោកបណ្ឌិត ណាកាហ្គាវ៉ា បានលើកឡើងថា នៅពេលដែលប្រាសាទអង្គរត្រូវបានចុះ បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២ ក៏ជាពេលវេលាមួយ ដែលត្រូវបានចាត់ទុកថា “បេតិកភណ្ឌពិភពលោកមួយនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយ​កិច្ចការងារថែរក្សា និងជួសជុលគឺជារឿងចាំបាច់ និងបន្ទាន់ដែលត្រូវតែ ធ្វើដោយខាន មិនបាន”។ ស្ថិតក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលជប៉ុន និងអង្គការយូណេស្កូក៏បានបង្កើត ក្រុមការងាររបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការពារប្រសាទអង្គរ(JSA) ដែលជា គម្រោង​មួយគាំទ្រ​ដោយ​មូល​និធិរបស់ប្រទេសជប៉ុន សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ពិភពលោក។

លោក​បន្តថា នៅដំណាក់កាលទី៣ គឺចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ JSA និងអាជ្ញាធរជាតិអប្សារាបានផ្តើមអនុវត្តន៍ការងាររួមគ្នា ដោយប្តូរឈ្មោះទៅជាគម្រោងជប៉ុន-អប្សារាការពារប្រា​សាទ​អង្គរ(JASA) ដោយផ្តោតចម្បងលើសកម្មភាពជួសជុល ប្រាសាទបាយ័ន ហើយរហូត​បច្ចុប្បន្ននេះ បានបញ្ចប់ការងារជួសជុលដំណាក់កាលទី៤ ហើយ ដំណាក់​កាលទី៥ បានចាប់ផ្តើមកាលពី​ឆ្នាំ២០១៨។ មកដល់ពេលនេះដែរ ក្រុមការងារបាន សម្រេចជួសជុលប្រាសាទសូរព្រ័ត្រ តួទី១ និងតួទី២ នៅក្នុងក្រុងខាងជើងប្រាសាទបាយ័ន បណ្ណាល័យខាងជើង បណ្ណាល័យខាងត្បូង ហើយបច្ចុប្បន្នកំពុងតែជួសជុលថែវ ខាងក្រៅ កន្លែងនាគតោ។ សម្រាប់គម្រោងទៅថ្ងៃខាងមុខទៀតនឹងធ្វើការជួសជុល តួកណ្តាលនៃ ប្រាសាទបាយ័ន។ ចំណែកនៅប្រាសាទអង្គរវត្តយើងបានជួសជុលហើយដែរ នូវបណ្ណា ល័យខាងជើងក្នុងកំពែងខាងក្រៅ។

លោកបន្ថែមថា គម្រោងជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនមានគោលបំណងផ្តល់ ឱ្យកម្ពុជាឈានទៅដល់ការអភិរក្ស និងជួសជុលប្រាសាទបានដោយខ្លួនឯង។ អ្នកជំនាញ កម្ពុជា និងកម្មករជំនាញទទួល​ការ​បណ្តុះ​​បណ្តាលនៅកន្លែងការងារជាក់ស្តែង ដោយអ្នក ជំនាញ និងវិស្វករជប៉ុន។ ក្នុងអំឡុងបេសកកម្ម១០ឆ្នាំ ដំបូងនៅក្នុងគម្រោង របស់រាជ រដ្ឋាភិបាលជប៉ុន សម្រាប់ការអភិរក្សប្រាសាទអង្គរវត្ត រាជរដ្ឋាភិបាលជប៉ុនបាន បញ្ជូនអ្នក ឯកទេសមក៤ដង ក្នុងមួយដងមានចំនួន៤០នាក់។ ក្នុងគម្រោងអភិរក្ស របស់រាជរដ្ឋាភិ បាលជប៉ុន ដែលមានឈ្មោះថា (JSA) មាននិស្សិតខាងស្ថាបត្យកម្ម ខាងបុរាណវិទ្យា ខាងជំនាញផ្សេងៗដូចជាខាងអភិរក្ស ខាងរូបសាស្ត្រ រូបវិទ្យា គីមី សំណង់ នៃប្រទេសជប៉ុន បានមកធ្វើការសិក្សានៅកម្ពុជាផងដែរ។ ក្រៅពីនេះក៏មានគម្រោងកិច្ច សហប្រតិបត្តិការជា មួយអាជ្ញាធរអប្សារា ដែលមានឈ្មោះថា (JASA) ដែលអំឡុងពេលសិក្សាចាប់ឆ្នាំ២០០៥មក រដ្ឋាភិបាលជប៉ុនបានទទួលយកការ បណ្តុះបណ្តាលលើនិស្សិតស្ថាបត្យកម្ម និងបុរាណវិទ្យា របស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំបីដង ដែលក្នុងមួយដងមានរយៈពេលមួយខែ ដោយមាន និស្សិតចូលរួមសិក្សាពី៦ ទៅ១០នាក់ក្នុងមួយផ្នែក។

លើសពីនេះ នៅមានកម្មករដែលសុទ្ធតែប្រជាជនខ្មែរ ដែលរស់នៅជុំវិញតំបន់អង្គរ ជាកូនចៅរបស់បុព្វការីអង្គរចំនួន២០០នាក់ ទាំងក្នុងការងារអភិរក្ស ក៏ដូចជាការងារស្រាវ​ជ្រាវ បានទទួលរៀនសូត្រផ្ទាល់ពីជប៉ុន ធ្វើឱ្យជនជាតិខ្មែរចេះគិត ចេះធ្វើដោយខ្លួនឯង ដោយ ផ្ទាល់។ ជាងនេះទៀតនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាល បច្ចុប្បន្នបានក្លាយ ទៅជាអ្នកជំនាញ ក្នុងការជួសជុលប្រាសាទ និងការងារអភិរក្ស និងបានក្លាយជាមនុស្សមាន សក្តានុពលទៅធ្វើការងារជាមួយអង្គការរបស់រាជរដ្ឋាភិបាលជប៉ុននៅឯខេត្តសៀមរាប ​និង មួយចំនួនធំទៀតបានក្លាយទៅជាមន្ត្រី ដែលមានតួនាទីធំៗនៅក្នុងរាជរដ្ឋាភិបាល កម្ពុជាផងដែរ៕

ដោយ ប៉ាល់ សុង