អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនៅស្រុកឧដុង្គ និងស្រុកគងពិសី

AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន២៣គ្រួសារ និងបានប្រគល់ ផ្ទះចំនួន៣ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ជូនជនពិការ និងចាស់ជរា  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ រាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារក៏បាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូន ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧គ្រួសារ និងប្រគល់ផ្ទះចំនួន១ខ្នង ដល់ចាស់ជរាគ្មាន ទីពឹងស្ថិតនៅក្នុងភូមិ តំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំ ណាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះ និងងាយរងគ្រោះដោយក្តីស្រឡាញ់ ពោលគឺមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលទទួលបានផ្ទះរួមមាន អង្ករចំនួន ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន រួមទាំងថវិកាផងដែរ។ ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងថវិកាមួយចំនួនផងដែរ៕

ដោយលឹម សាន្ត