រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មបោះពុម្ពស្លាកយីហោ

AKP ព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩​ — លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកស្លាកសញ្ញាសាលាខេត្ត បានបើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផលិតស្លាកយីហោ និងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្ត មានការអញ្ជើញចូលរួមពីមន្ទីរវប្បធម៌ មន្ទីរព័ត៌មាន មន្ទីរទេស ចរណ៍ មន្ទីរគមនាគមន៍ និងមន្ត្រីជំនាញ ព្រមទាំងម្ចាស់អាជីវកម្មបោះពុម្ពនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ លោក គង់ វិតាណ: អភិបាលរងខេត្ត មានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី២ រវាងរដ្ឋបាលខេត្ត និងបងប្អូនម្ចាស់អាជីវកម្មផលិត បោះពុម្ពស្លាកយីហោ ទាំងខ្មែរ និងជនបរទេសក្នុងខេត្តព្រះសីហនុ ដោយសារកន្លងមក គណៈកម្មការគ្រប់គ្រងផ្លាកសញ្ញាខេត្តព្រះសីហនុ ពិនិត្យឃើញថា ក្នុងរយៈពេល២ខែកន្លងមកនេះ ក្រុមការងារស្លាកសញ្ញានៅតែពិនិត្យឃើញមានបញ្ហា ដោយសារតែម្ចាស់ផលិតស្លាកសញ្ញា ឬម្ចាស់អាជីវកម្មផលិតនៅតែផលិត បោះពុម្ពខុសអក្ខរាវិរុទ្ធ ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ។

លោកបានបន្តថា ម្ចាស់ទីតាំងផលិតស្លាកយីហោ មុននឹងបោះពុម្ពត្រូវសុំច្បាប់ ពីមន្ទីរវប្បធម៌ និងមន្ត្រីជំនាញ ដោយសារតែកន្លងមកម្ចាស់ទីតាំងផលិតស្លាកសញ្ញា មិនបានសហការជាមួយមន្ទីរវប្បធម៌ និងមន្ត្រីជំនាញ ទើបការបោះពុម្ពស្លាកសញ្ញានៅតែមានខុសអក្ខរាវិរុទ្ធ ដូច្នេះម្ចាស់សិប្បកម្មផលិតស្លាកសញ្ញា ត្រូវតែគោរពតាមលិខិតបទដ្ឋានគតិយុត្ត។ រដ្ឋបាលខេត្តមិនទាន់អនុវត្តន៍ទៅតាមច្បាប់ចំពោះអាជីវករទេ ប៉ុន្តែសូមម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពច្បាប់ បោះពុម្ពអក្សរទៅតាមក្បួនខ្នាតត្រឹមត្រូវ។ រដ្ឋបាលខេត្តនៅតែបន្តវិធានការអប់រំដល់ម្ចាស់អាជីវកម្ម មុននឹងសម្រេចធ្វើការបោះពុម្ពស្លាកសញ្ញា ត្រូវតែឆ្លងកាត់មន្ត្រីជំនាញដើម្បីត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

លោក គង់ វិតាណ: បានបញ្ជាក់ថា ម្ចាស់អាជីវកម្មបោះពុម្ពស្លាក យីហោទាំងអស់ត្រូវតែសុំច្បាប់អនុញ្ញាតបោះពុម្ពពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ មុននឹងធ្វើការបោះពុម្ពស្លាកយីហោផ្សេងៗត្រូវដាក់ឆ្លងមន្ទីរវប្បធម៌ និងមន្ត្រីជំនាញ ដើម្បីឱ្យការងារបោះពុម្ពស្លាកយីហោរបស់យើងទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងត្រូវទប់ស្កាត់លំហូរចូលស្លាកយីហោពីខាងក្រៅផងដែរ៕

ដោយ ងូ សុមុនី