អាជ្ញាធររាជធានីភ្នំពេញ ជំរុញឱ្យគណៈកម្មការត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ  និងសេវាសុខាភិបាលខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ  លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យគណៈកម្មាធិការត្រួតពិនិត្យលុបបំបាត់ឱសថក្លែងក្លាយ ត្រូវបន្តសកម្មភាពចុះ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ឱសថស្ថាន ឱសថស្ថានរង ដែលកំពុង ប្រកបអាជីវកម្មទាំងអស់នៅរាជធានីភ្នំពេញត្រូវបន្ដការផ្សព្វផ្សាយ និងអប់រំណែនាំដល់ ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយល់ដឹងពីច្បាប់ឱ្យបានត្រឹមត្រូវ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈ ដែលលោកស្រីជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ នៅរាជធានីភ្នំពេញ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីឱ្យអនុវត្តន៍ច្បាប់ឱ្យបានខ្ជាប់ខ្ជួន មុននឹងធ្វើការផាកពិន័យ។

លោកស្រី កែវ សុខពិសី បានបញ្ជាក់ថា ប្រសិនបើយើងអនុវត្ដន៍ចំពោះវិធានការនេះ បានជាប្រចាំនិងត្រឹមត្រូវនោះ អាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានច្រើន ព្រោះប្រជាពលរដ្ឋភាគច្រើនគាត់ទៅរកសេវាព្យាបាលនៅឱសថស្ថានណា ដែលមិនមាន ឈ្មោះ និងមិនមានស្លាកយីហោត្រឹមត្រូវ ព្រមទាំងមានតម្លៃថោក កត្ដាទាំងនេះធ្វើឱ្យប៉ះពាល់ ដល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ សំណូមពរឱ្យសមាជិកគណៈ កម្មាធិការទាំងអស់ ត្រូវលើកឡើងនូវបញ្ហាប្រឈម មកពិភាក្សា ដើម្បីប្រសិទ្ធភាពការងារ ឈានទៅការលុបបំបាត់ឱសថក្លែងក្លាយ ជាពិសេសមន្ត្រីទទួលបន្ទុកការងារសុខាភិបាលនៅ តាមច្រកចេញចូលតែមួយទាំង១៤ខណ្ឌ ដោយសុំឱ្យជួយរាយការណ៍ពីចំនួនឱសថស្ថានរង និងថតចម្លងលិខិតអនុញ្ញាតដែលចេញថ្មីផ្ញើមកលេខាធិការដ្ឋាន ដើម្បីងាយស្រួលធ្វើរបាយការណ៍ និងសុំឱ្យមន្ត្រីទទួលបន្ទុកតាមច្រកចេញចូលតែមួយ ជួយផ្សព្វផ្សាយច្បាប់ពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់ឱសថស្ថាន រងទាំងអស់។

ទាក់ទងនឹងការលក់ផលិតផលអនឡាញ ដែលកំពុងផុសផលត្រូវបានលោកស្រី បង្ហើបថា វិធានការលើអ្នកលក់ផលិតផល ជំនួយសុខភាព ឬផលិតផលផ្សេងៗ ពាក់ព័ន្ធនឹង វិស័យសុខាភិបាល តាមរយៈប្រព័ន្ធអនឡាញ នៅមិនទាន់មានច្បាប់ ដាក់ទោសនោះទេ ខណៈដែលការរៀបចំច្បាប់នេះ ទើបតែបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេចលើការដាក់បន្ទុកលើអ្នកលក់អនឡាញ។ ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានលើក ឡើងនូវវិធានការក្នុងការដាក់បន្ទុក ចំពោះអ្នកមិនអនុវត្តន៍ច្បាប់ ឬប្រព្រឹត្តផ្ទុយពីច្បាប់ ត្រូវទទួលទោសតាមកម្រិត ដើម្បីជាការ ព្រមានកុំឱ្យបន្តសកម្មភាពខុសច្បាប់។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សកម្មភាពការងារ គ្រប់គ្រងឱសថ ត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ  គណៈកម្មការ បានដាក់ចេញទិសដៅ ៧ចំណុច សម្រាប់អនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពរួមមាន៖ ១-ចុះត្រួតពិនិត្យឱសថស្ថាន ឱសថស្ថានរង ឱ្យបានជាប្រចាំ ដើម្បីពិនិត្យតាមដាន ទៅលើឱសថខុសច្បាប់ និងឱសថហួសកាលកំណត់ប្រើប្រាស់។ ២-ចុះណែនាំផ្ទះលក់ឱសថ គ្មានច្បាប់ដែលបើកថ្មី បន្ទប់ពិគ្រោះព្យាបាលជំងឺ និងបន្ទប់ថែទាំជំងឺ មានតាំងលក់ឱសថករណីរឹងរួស ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ៣-បន្តជំរុញអ្នកដែលបើក សេវាសុខាភិបាលឯកជនថ្មីឱ្យមកធ្វើច្បាប់នៅតាមការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាខណ្ឌ។ ៤-បន្តចុះអង្កេតតាមដានជាប្រចាំ ចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក មធ្យម ឆ្មប ដែលមានតាំងលក់ឱសថ។ ៥-បន្តចុះអនុវត្តន៍នូវរាល់សារាចរណែនាំ របស់ក្រសួង សុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ។ ៦-បន្តត្រួតពិនិត្យ ការធ្វើតារាងតម្លៃ នៅតាមសេវា សុខាភិបាលឯកជនទាំងអស់ និង៧-បន្តត្រួតពិនិត្យ ផ្សព្វផ្សាយ ស្តីពីការអនុវត្តក្រមសីលធម៌ គ្រូពេទ្យ និងលុបបំបាត់ឱសថក្លែងក្លាយ ឱសថគ្មានលតប័ត្រ តាមបន្ទប់ពិគ្រោះព្យាបាល មន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងគ្លីនិកនៅក្នុងរាជធានីភ្នំពេញ៕

ដោយ សួស សំរិត