គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រកាសឱ្យមហាជនចូលរួមប្រកួតប្រជែងស្នាដៃ ស្លាកសញ្ញា និងនិមិត្តរូប SEA Games 2023 

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រកាសជាសាធារណៈដោយ​រៀបចំការប្រឡងជ្រើស រើសគំនូរ ស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games 2023 ដើម្បីអនុវត្តន៍តាមផែន ការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់ខ្លួន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ី     អាគ្នេយ៍បានបញ្ជាក់ថា ពេលនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ បាន ចេញសេចក្ដីជូនដំណឹងផ្លូការរបស់ខ្លួន ស្តីពីការប្រឡងប្រណាំងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» SEA Games 2023 ត្រូវមានភ្ជាប់​ជាមួយនូវស្លាកសញ្ញាជាគំរូនៃការប្រកួតកីឡា      ស៊ីហ្គេមមុនៗ។ ឯកឧត្ដមបន្ដថា ចំណែកឯការប្រឡងគំនូរនិមិត្តរូប «Mascot» SEA Games 2023 ត្រូវយករូប «សុភាទន្សាយ» ជាសត្វតំណាង។

ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ការចូលរួមប្រឡងនេះមាន៥លក្ខខណ្ឌ ពោលគឺទី១-បេក្ខជន ទាំងពីរភេទមានអាយុចាប់ពី ១៥ឆ្នាំឡើង, ទី២-ជនជាតិខ្មែរ-សញ្ជាតិខ្មែរ, ទី៣-គោរពតាមការវិនិច្ឆ័យរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ ក្នុងការ​ជ្រើសរើសជ័យលាភី, ទី៤-ជ័យលាភី ត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ ជ័យលាភីផ្តាច់មុខដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍។ ទី៥-ជ័យលាភី​នឹង​ទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត​អាស៊ី​អាគ្នេយ៍ ក្នុងកម្មវិធីប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់​លើកទឹកចិត្តពី គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ ថែមទៀត។

ចំពោះបេក្ខជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងជឿជាក់លើសមត្ថភាព​របស់​ខ្លួនចង់ចូលរួមបង្ហាញស្នាដៃ និងបន្សល់នូវស្នាដៃក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយនេះ ត្រូវ​ដាក់ស្នាដៃរបស់ខ្លួន ដែលជាសំណៅដើមមកកាន់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀប​ចំការប្រកួតអាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឱ្យ​បានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕

ដោយ ហេង ណាលីន