សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣

AKP ភ្នំពេញ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្មបាន​ឱ្យ​ដឹងថា​ កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​អញ្ជើញជាអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣ ដែលរៀបចំឡើងនៅសណ្ឋា គារ HIMAWARI ដោយមាន​ការ​ចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជនប្រមាណជាង ១០០នាក់។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា​ ការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industrial Revolution 4.0) គឺជាប្រធានបទដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា លក្ខណៈពិសេសនៃ CTIS គឺការតភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ហើយ​យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩ មិនមែនជាឯកសារផ្ដាច់មុខរបស់ក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែគឺសម្រាប់អន្តរក្រសួង ដោយសារតែពាណិជ្ជកម្ម គឺជាបញ្ហាអន្តរវិស័យ ដែលទាមទារឱ្យតួអង្គពាក់ព័ន្ធ ចូលរួមសហការអនុវត្តន៍ទាំងអស់គ្នា ទើបអាចសម្រេចនូវគោលដៅនៃយុទ្ធសាស្ត្រនេះបាន។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្ត្រនេះនឹងផ្ដល់ជូនសកម្មភាពជាគោលនយោបាយច្បាស់លាស់ សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តន៍ ហើយក៏សូមអំពាវនាវឱ្យសហការជិតស្និទ្ធ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច និងការបង្កើនឧត្តមភាពជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព។

សូមបញ្ជាក់ថា​ យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩ គឺជាឯកសារជំនាន់ទី៤ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងពាណិជ្ជកម្ម ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល នូវជំនួយសម្រាប់ពាណិជ្ជកម្ម (Aid-for-Trade) នាទីក្រុងហ្សឺណែវ ប្រទេសស៊្វីស កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ និង​ត្រូវបានរៀបចំ និងចែកចេញជា​ ១២ជំពូក ដែលសុទ្ធសឹងជាចំណុចសំខាន់ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងសម្រាប់កម្ពុជា៕

ដោយ​ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)